លើលោកនេះមានមនុស្សជាច្រើនដែលមានជម្រើសធ្វើជាមនុស្សល្អ តែពួកគេសុខចិត្តធ្វើជាតួអាក្រក់ ដើម្បីតែផលប្រយោជន៍បន្តិចបន្តួច។ ក្នុងនោះក៏មានមនុស្សដែលមិនចេះស្វែងរកសុភមង្គលសម្រាប់ខ្លួនេងផងដែរ ព្រោះពួកគេរវល់តែរស់នៅក្នុងសង្រ្គាមត្រជាក់ជាមួយមនុស្សជុំវិញខ្លួន។ ខាងក្រោមនេះជារឿង៣យ៉ាងដែលអ្នកត្រូវធ្វើ បើសិនចង់ទទួលបានជីវិតសុខសាន្ត មិនសូវមានបញ្ហា និងអាចមានសុន្តិភាពផ្លូវចិត្ត៖
១.ការអាណិតអាសូរ៖ ក្នុងជីវិតនេះមិនខ្វះទេមនុស្សដែលមិនយល់ពីសច្ចៈ ហើយដោយសារតែចង់បានប្រយោជន៍ពួកគេសុខចិត្តបាត់សតិសម្បជញ្ញៈដែលខ្លួនមាន ហើយគិតថាប្រយោជន៍ទាំងនោះ ពួកគេសក្តិសមនឹងទទួលបាន។ ចរិតនេះ មិនខុសអីពីការលេងសើចជាមួយភ្លើង ដែលអាចដុតខ្លួនឯងវិញនោះទេ។ លុះត្រាតែមនុស្សរៀនយល់ និងអាណិតអាសូរចំពោះសំណាងអាក្រក់របស់អ្នកដទៃ ទើបគេអាចក្លាយជាមនុស្សសប្បុរសបាន។ បើទោះជាអ្នកមិនអាចជួយអ្នកណាក៏ដោយ ហាមធ្វើជាមនុស្សលួចកេងយកប្រយោជន៍ពេលអ្នកដទៃជួបទុក្ខ។
២.របៀបរស់នៅសាមញ្ញ៖ សម្របខ្លួនអ្នក រួចរៀនសម្រួលអ្វីៗគ្រប់យ៉ាងក្នុងជីវិតនេះ ដោយកុំព្យាយាមរត់តាម កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរហូតបាត់បង់សុភមង្គលនៅចំពោះមុខ។ ជីវិតនេះគឺជាដំណើរពីសូន្យទៅសូន្យ អ្វីដែលយើងទទួលបានគឺគ្រាន់តែជាទេសភាពតាមផ្លូវប៉ុណ្ណោះ ដូច្នេះយើងត្រូវចេះគ្រប់គ្រងអារម្មណ៍អោយបានល្អ កុំលោភលន់ កុំឱ្យប្រមាថអ្នកដទៃ កុំយកជីវិតនេះបំផ្លាញចោលព្រោះមហិច្ចតារបស់អ្នក។
៣.ដឹងពីរបៀបរស់នៅដោយរីករាយជាមួយមនុស្សគ្រប់គ្នា៖ ប្រសិនបើមនុស្សម្នាក់អាចកម្ចាត់សេចក្តីស្អប់ពីខាងក្នុងចិត្ត នោះគេនឹងក្លាយជាមនុស្សសន្តិភាព និងអាចរស់នៅក្នុងជីវិតមួយដ៏សុខសាន្ត។ នៅក្នុងសង្គមដ៏ក្តៅគគុកនេះ មនុស្សជាច្រើននឹងឆាប់ខឹង និងពោរពេញដោយការស្អប់ខ្ពើម នៅពេលដែលជួបរឿងមិនល្អមួយចំនួន ដូច្នេះពួកគេនឹងប្រព្រឹត្តរឿងមិនសមហេតុផលដាក់គ្នាទៅវិញទៅមក។ ដូច្នេះសូមអ្នកកុំបណ្តោយអោយក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលចូលចិត្តសងសឹកគ្នាទំាងនោះ៕