បើទោះជាអ្នកសន្សំលុយពេញមួយជីវិតក៏ដោយ ក៏អ្នកប្រហែលជាមិនអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័សដែរ ប៉ុន្តែ ប្រសិនបើអ្នកយកលុយវិនិយោគលើវិស័យទាំង ៤ នេះ វានឹងជួយឱ្យអ្នករកប្រាក់ចំណូលមកវិញ ចំណាយកាន់តែច្រើន ចំណេញកាន់តែធំ។
១. វិនិយោគលើចំណេះដឹង - ការវិនិយោគនេះនាំមកនូវអត្រាការប្រាក់ខ្ពស់បំផុត
កម្រិតនៃការយល់ដឹងរបស់បុគ្គលម្នាក់ៗ អាចកំណត់ប្រាក់ចំណូលរបស់គាត់។ ជាការពិតណាស់ ប្រាក់ចំណូលរបស់បុគ្គលនោះ នឹងមិនលើសពីកម្រិតនៃការយល់ដឹងរបស់ពួកគេឡើយ។ នេះហើយជាមូលហេតុដែលគេនិយាយថា មនុស្សជាច្រើនរកលុយដោយសំណាង តែត្រូវខាតលុយដោយសមត្ថភាព។
ដូច្នេះហើយ អ្នកកាន់តែក្រ អ្នកគួរតែសន្សំកាន់តែច្រើន កុំចាយវាយខ្ជះខ្ជាយទាំងងងឹតងងុល។ អ្នកអាចរកលុយបានកាន់តែច្រើននៅពេលអ្នកចំណាយវា ដើម្បីបង្កើនចំណេះដឹងរបស់អ្នក។ យ៉ាងហោចណាស់មានរឿងពីរដែលអ្នកអាចធ្វើបាន ដើម្បីវិនិយោគ និងកែលម្អចក្ខុវិស័យរបស់អ្នក ៖
- សិក្សា ៖ អាន ចូលរួមវគ្គសិក្សា រៀនចំណេះដឹងឧស្សាហកម្ម ចំណេះដឹងវិជ្ជាជីវៈ ចំណេះដឹងគ្រប់គ្រង ចំណេះដឹងហិរញ្ញវត្ថុ ភាសាបរទេស បច្ចេកវិទ្យាថ្មី គំនិតថ្មី និងគម្រូថ្មី។
- បទពិសោធន៍កាន់តែច្រើន ៖ មើលរឿងភាគទូរទស្សន៍ ភាពយន្តបុរាណ ការធ្វើដំណើរ និងបង្កើតមិត្តភក្តិ។
២. វិនិយោគលើរូបរាងរបស់អ្នក
ការសិក្សាមួយរបស់សាលា Harvard Business School បានរកឃើញថា ក្នុងចំណោមគុណសម្បត្តិនៃការអភិវឌ្ឍន៍អាជីពរយៈពេលវែង ផលប៉ះពាល់ដែលមើលឃើញ (រូបរាង) គឺខ្លាំងជាងសមត្ថភាពរបស់អ្នកដល់ទៅ ៩ ដង។
មានមនុស្សតិចណាស់ដែលចង់ស្វែងយល់ពីខាងក្នុងខ្លួនរបស់មនុស្ សដែលមើលទៅសាមញ្ញ ហើយមិនមើលថែខ្លួនឯង។ រូបភាពខាងក្រៅរបស់អ្នក គឺជាជំហានដំបូងក្នុងការកំណត់ថា តើនរណាម្នាក់មានឆន្ទៈក្នុងការភ្ជាប់ជាមួយអ្នក។
នៅពេលដែលពាណិជ្ជករ Matsushita Konosuke ចាប់ផ្តើមអាជីវកម្មរបស់គាត់ គាត់មានការមមាញឹកនឹងការងារ ហើយជារឿយៗមិនយកចិត្តទុកដាក់ចំពោះរូបភាពផ្ទាល់ខ្លួនរបស់គាត់ឡើយ។ មានពេលមួយ ពេលគាត់ទៅកាត់សក់ ជាងកាត់សក់បាននិយាយទៅកាន់គាត់ថា៖
"រូបរាងរបស់អ្នកតំណាងឱ្យក្រុមហ៊ុន។ ក្នុងនាមជានាយក អ្នកនៅតែមើលទៅធម្មតា តើអ្នកគិតថាអតិថិជននៅតែសុខចិត្តទិញផលិតផលរបស់អ្នកទេ?"
បន្ទាប់ពីឮបែបនេះ Matsushita យល់ថា សម្ដីជាងកាត់សក់ ក៏សមហេតុផល ហើយភ្លាមៗនោះក៏សម្រេចចិត្តផ្លាស់ប្តូរទម្លាប់ និងរូបរាងរបស់គាត់ ហើយថែមទាំងតម្រូវឱ្យបុគ្គលិកទាំងអស់ស្លៀកឈុតផងដែរ។
រូបភាពចាស់ទុំនេះបានក្លាយជានាមប័ណ្ណដ៏សំខាន់របស់ក្រុមហ៊ុន ដោយទាក់ទាញដៃគូជាច្រើនឱ្យមករកគាត់។ មានគេធ្លាប់បាននិយាយថា៖ «ទោះបីជាយើងគិតថាការវិនិច្ឆ័យមនុស្សដោយរូបរាងរបស់ពួកគេ គឺជារឿងដែលមិនត្រឹមត្រូវក៏ដោយ ក៏មនុស្សនៅតែវិនិច្ឆ័យអ្នកតាមរយៈសម្លៀកបំពាក់ ម៉ូដសក់ កាយវិការ ការនិយាយស្ដី ភាសា និងវិធីសាស្រ្តផ្សេងទៀតនៃការបញ្ចេញមតិខ្លួនឯង។"
មនុស្សគឺជាសត្វដែលមើលឃើញ ហើយចំណាប់អារម្មណ៍ដំបូងដែលអ្នកបង្កើត គឺជានាមប័ណ្ណដំបូងដែលអ្នកផ្តល់ឱ្យពួកគេ។ រាល់ពេលដែល Elon Musk ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ រូបរាងរបស់គាត់ត្រូវបានយកចិត្តទុកដាក់ដោយក្រុមជំនាញ។
អាវពណ៌ខ្មៅរបស់ Steve Jobs និងអាវយឺតពណ៌ប្រផេះរបស់ Zuckerberg ហាក់ដូចជាសាមញ្ញ ប៉ុន្តែការពិតពួកគេទាំងពីរត្រូវបានរចនាយ៉ាងពិសេស។ Mark Twain បាននិយាយថា ចំនួនប្រាក់ដែលអ្នកចំណាយលើរូបភាពរបស់អ្នកនឹងធ្វើឱ្យមានភាពខុសគ្នានៅក្នុងចំណេះដឹង គុណវុឌ្ឍិ និងការអប់រំរបស់អ្នក។ ពេលអ្នកមិនយកចចិ្តតទុកដាក់ជាមួយរូបភាពរបស់អ្នក លុយក៏មិនខ្វល់ជាមួយអ្នកដែរ។
៣. វិនិយោគលើសមត្ថភាព
ខ្ញុំបានអានពាក្យមួយឃ្លាដែលគេសរសេរថា "ការវិនិយោគលើសមត្ថភាពរកលុយរបស់អ្នក គឺសំខាន់ជាងការសន្សំប្រាក់ 1 លានដុល្លារ"។ យុគសម័យបច្ចុប្បន្នកំពុងអភិវឌ្ឍយ៉ាងលឿន ជំនាញពិសេសបច្ចុប្បន្នរបស់អ្នក អាចនឹងគ្មានប្រយោជន៍ទាំងស្រុងក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ។ បើអ្នកមិនអភិវឌ្ឍសមត្ថភាពរបស់អ្នកទេ វានឹងពិបាកសម្រាប់អ្នកក្នុងការចៀសវាងការកម្ចាត់ចោលតាមពេលវេលា។
៤. វិនិយោគលើទំនាក់ទំនងសង្គម - ការវិនិយោគដ៏មានតម្លៃបំផុតក្នុងជីវិត
ការរក្សាទំនាក់ទំនងសង្គមដែលមិនបង្កើតផល មិនត្រឹមតែមិននាំមកនូវភាពរីកចម្រើននោះទេ ប៉ុន្តែថែមទាំងបំផ្លាញពេលវេលាដ៏មានតម្លៃរបស់អ្នកទៀតផង។ យោងតាមលោក Robert Waldinger សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Harvard សម្រាប់សុភមង្គល ទំនាក់ទំនងរវាងបុគ្គលរឹងមាំ គឺសំខាន់ជាងលុយ និងឋានៈ។
ការវិនិយោគលើទំនាក់ទំនង គឺនិយាយអំពីការកសាងបណ្តាញទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុមសង្គមដែលធំទូលាយ។ អ្នកអាចក្រឡេកមើលទៅមិត្តភ័ក្តិរបស់អ្នក ដើម្បីទទួលស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក បណ្តុះ និងកែលម្អអ្វីដែលមិនល្អ និងអភិវឌ្ឍសក្តានុពលរបស់អ្នកបន្ថែមទៀត។
ពិចារណា និងវិនិយោគលើទំនាក់ទំនងដែលមានសារៈសំខាន់ និងមានប្រយោជន៍សម្រាប់អ្នក។ ក្នុងសង្គមនេះ បើអ្នកគ្រាន់តែជាបុគ្គលឯករាជ្យ វានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកដើម្បីជោគជ័យ។ ដើម្បីរស់ និងអភិវឌ្ឍន៍ មនុស្សត្រូវតែមានទំនាក់ទំនងដែលគាំទ្រគ្នាទៅវិញទៅមក។ ដូច្នេះ ការវិនិយោគលើទំនាក់ទំនងសង្គម គឺជាការវិនិយោគដ៏ចាំបាច់។
តាមពិតទៅ មនុស្សដែលចេះចាយលុយ គឺជាអ្នកមានទេពកោសល្យពិតប្រាកដ។ បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែដាក់មូលដ្ឋានគ្រឹះនៃចំណេះដឹងជាមុនសិន បន្ទាប់មកបញ្ចូលគ្នានូវចំណេះដឹងជាមួយនឹងសកម្មភាព។ ផ្លាស់ប្តូររបៀបចាយលុយ និងគ្រប់គ្រងលុយពីទិដ្ឋភាពទាំង ៣ ខាងលើ នោះអ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ៕