ដោយសារប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មានគេនិយាយរឿងបណ្តេញភ្លៀងច្រើនមិនថាវិធីជំនឿបុរាណដោយដាំស្លឹកគ្រៃបញ្ច្រាសគល់ ឬក៏អ្នកមានបារមីបក់ផ្លិតផាត់ពពកកុំឱ្យភ្លៀងជាដើម។ ប៉ុន្តែនាវេលានេះខ្ញុំសូមនិយាយតែអំពីជំនឿដាំស្លឹកគ្រៃប៉ុណ្ណោះ។
ខ្ញុំមិនអាចរកបាននូវឯកសារបញ្ជាក់ប្រាប់ពីប្រភពពិតប្រាកដនៃជំនឿនេះបានទេ គ្រាន់តែដឹងតាមការប្រតិបត្តិតាមតៗគ្នាតាំងពីមួយជំនាន់មកមួយជំនាន់។ ជំនឿបែបនេះមិនមែនមានតែនៅក្នុងស្រុកខ្មែរនោះ គឺមានដូចគ្នាផងដែរនៅបណ្តាប្រទេសជិតខាងយើងដូចជាសៀម ឡាវ ឬក៏ពួកមន។ សូម្បីតែនៅខាងសៀម ក៏មិនមានប្រាប់ច្បាស់ថាមានកំណើតមកពីណាឱ្យពិតប្រាកដនោះដែរ ប៉ុន្តែខាងសៀមគេមាននិយាយក្បោះក្បាយជាងយើងអំពីរបៀបរបបនៃការប្រតិបត្តិនៃជំនឿនេះដែលខ្ញុំនឹងធ្វើការប្រែសម្រួល និងចែករំលែកជូន។
គោលបំណងក្នុងការធ្វើពិធីនេះដែលសំខាន់បំផុតគឺដើម្បីរារាំង ឬបញ្ចៀសភ្លៀងកុំឱ្យធ្លាក់មកក្នុងថ្ងៃ និងកន្លែងប្រារព្ធពិធីនានាដូចជាពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យទាន ពិធីសម្ពោធ ឬពិធីជប់លៀងជាដើម។ ជាទូទៅនៅក្នុងពេលដែលរៀបចំនោះ នៅពេលឃើញមេឃខ្មៅចង់ភ្លៀង ម្ចាស់កម្មវិធីតែងតែភ័យព្រួយបារម្ភខ្លាចក្រែងពេលភ្លៀងទៅមិនមានភ្ញៀវអញ្ជើញមក ដូច្នេះហើយបានជាគេរៀបចំធ្វើពិធីនេះឡើង។
សម្រាប់នៅស្រុកខ្មែរយើង គឺមិនប្រកាន់នោះទេ ម្ចាស់កម្មវិធី ឬតំណាងរូបណាក៏អាចធ្វើបានដែរ ប៉ុន្តែភាគច្រើនគឺចាំបាច់ត្រូវតែម្ចាស់កម្មវិធី ឧទាហរណ៍ បើពិធីមង្គលការ គឺត្រូវឱ្យកូនកំលោះ និងកូនក្រមុំធ្វើរួមគ្នា បើពិធីបុណ្យ គឺម្ចាស់ដើមបុណ្យ បើពិធីសម្ពោធ ឬជប់លៀងអ្វីមួយអាចនរណាក៏បានដែរ (ខ្ញុំផ្ទាល់ក៏ធ្លាប់ធ្វើពិធីនេះពីរបីដងមកដែរ ប៉ុន្តែតាមការបញ្ជា និងការស្នើសុំតែប៉ុណ្ណោះ)។
បើនៅស្រុកសៀម ឡាវ និងពួកមនវិញ គេមានជំនឿថាអ្នកដែលអាចធ្វើបានលុះត្រាតែជាស្រ្តីក្រមុំព្រហ្មចារីយ៍ ហើយត្រូវប្រកបដោយលក្ខណៈសម្បត្តិទាំង ៥ ដូចតទៅ៖
ទី១. ក្រមុំព្រហ្មចារីយ៍ មិនធ្លាប់ឆ្លងកាត់ការមានភេទសម្ព័ន្ធជាមួយនរណាម្នាក់!
ទី២. ពេលធ្វើនោះ គឺមិនមានរដូវប្រចាំខែធ្លាក់មក!
ទី៣. ជាស្រ្តីដែលពេញវ័យរៀបការ មិនមែនក្មេងស្រីនោះទេ!
ទី៤. ជាស្រ្តីដែលពោរពេញដោយសីល និងធម៌!
ទី៥. បើជាស្រ្តីមានអាយុបន្តិច គឺជាអ្នកដែលប្រកាន់យកគោលការព្រហ្មចារីយ៍!
ចំពោះដើមស្លឹកគ្រៃ គឺគេប្រើលេខសេស ពោលគឺអាចចំនួន ៣, ៥ ឬ៧គុម្ព ដោយមានធូក ទៀន កម្រងផ្កា ឬផ្លែឈើខ្លះក៏បាន ដោយដាំនៅកន្លែងណាមួជាទីវាលស្រឡះល្អ នៅក្បែរៗរោងពិធី គឺធ្វើយ៉ាងម៉េចឱ្យគល់ស្លឹកគ្រៃបាញ់ចំទៅលើមេឃ។ នៅពេលដែលរៀបចំអុជធូក ទៀន និងដាំនោះ ត្រូវមានអាចារ្យជាអ្នកដឹកនាំពិធីកម្មដោយត្រូវធ្វើដូចតទៅ៖
សូត្រ នមោ បីចប់
- សូត្របាលី ហើយអ្នកដាំត្រូវថាតាម ៖ អាកាសេច ពុទ្ធោទីបង្កករូ នមោពុទ្ធាយ
- បន្តប្រណម្យអធិដ្ឋាន ៖ ខ្ញុំព្រះករុណាឈ្មោះ ... ព្រមទាំងក្រុមអ្នករៀបចំកម្មវិធី សូមវន្ទាចំពោះទេវតា វត្ថុស័ក្តិសិទ្ធទាំងឡាយ និងព្រះភូមិនាទីតាំងនេះជួយបណ្តាលកុំឱ្យមានភ្លៀងធ្លាក់នាវេលាពេលនេះ ហើយសូមឱ្យអាកាសធាតុប្រែមកសភាពល្អប្រសើរអំណោយផលដល់ការប្រារព្ធពិធីផងចុះ ... សាធុ សាធុ សាធុ!
តាមជំនឿបុរាណ ជាពិសេសទាក់ទងព្រហ្មញ្ញសាសនាផងនោះ ទេពដែលរក្សាទឹក និងដី គឺសុទ្ធតែជាភេទស្រី ដូចជាទេពីរក្សាដី គឺព្រះម៉ែធរណី ទេពីរក្សាទឹក គឺព្រះម៉ែគង្គាជាដើម-ល-។ ហើយការដែលប្រើស្រ្តីក្រមុំព្រហ្មចារីយ៍បរិសុទ្ធនោះ គឺជាការគោរពដល់ទេពទាំងនោះ ហើយមានភាពស័ក្តិសិទ្ធិតាមប្រាថ្នា។
ក៏មិនអំណះអំណាងបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែបើតាមសៀមគេនិយាយថា គឺបានមកពីគំនិតរបស់ពួកព្រាហ្មសម័យបុរាណដែលប្រើរបៀបដាំខុសធម្មជាតិបែបដូច្នោះ ដើម្បីបញ្ឈឺទេវតា និងទេពឋានលើនានាឱ្យខឹង។ នៅក្នុងជំនឿរបស់សៀមទាក់ទងនឹងភ្លៀងនេះមានពីរ គឺបើសុំទឹកភ្លៀង គឺគេធ្វើពិធីហែសត្វឆ្មាដោយដាក់ឆ្មាក្នុងទ្រុង ហើយយកទឹកទៅជះសាចលើឆ្មា ព្រោះឆ្មាជាសត្វខ្លាចទឹក។ ធ្វើបែបហ្នឹងដើម្បីបញ្ឈឺដល់ទេវតាឱ្យខឹង ដែលឃើញមនុស្សធ្វើបែបហ្នឹង ចឹងក៏បង្អុលភ្លៀងមកដាក់មនុស្សវិញ។ រីឯដាំស្លឹកគ្រៃវិញគឺរបៀបគិតដូចគ្នាដែរ ពោលគឺប្រុងនឹងភ្លៀងដើម្បីជាការអបអរដល់មនុស្សក្នុងពិធីនានា ប៉ុន្តែមនុស្សធ្វើពិធីដាំស្លឹកគ្រៃបញ្រ្ចាសគល់បែបខុសធម្មជាតិបែបនេះ ទេវតាខឹងហើយក៏ដកភ្លៀងយកទៅវិញ។
ក្រៅពីកម្ពុជា សៀម ឡាវ មន នៅបណ្តាប្រទេសផ្សេងៗដូចជាចិន ជប៉ុន កូរ៉េ ក៏មានពិធីស្រដៀងៗនេះផងដែរ ដោយគេធ្វើជាបែបតុក្កតា និងក្រដាសរូបមនុស្សស្រី។ នៅចិនមាននិទានអំពីរឿងសុំឱ្យឈប់ភ្លៀងនេះថា «កាលពីគ្រាយូរលង់មកហើយនោះ លើផែនដីចិនមានភ្លៀងធ្លាក់ខ្លាំងរហូតលិចលង់មនុស្សស្លាប់ជាច្រើន។ មានស្រ្តីក្មេងវ័យក្រមុំម្នាក់ឈ្មោះនាង ឆៅ ឈិងមៀង បានបត់ក្រដាសជារូបមនុស្សស្រ្តី និងបន់ស្រន់ដល់ឋានលើដើម្បីធ្វើម៉េចឱ្យឈប់ភ្លៀង មិនថានាងត្រូវបូជាជីវិតក៏ដោយចុះ។ ក្តៅក្រហាយដល់ទេវតាឋានលើ ក៏សម្រេចមក បញ្ឈប់ភ្លៀង ហើយមកយកនាងឆៅ ឈិងមៀង ឱ្យទៅនៅឋានលើតាមរយៈការបូជាខ្លួនរបស់នាង ហើយក្រោយៗមកទៀតគឺគ្រាន់តែបត់ជាក្រដាសមនុស្សស្រី និងឧទ្ទិសដ្ឋានដល់នាងទៅគឺភ្លៀងនឹងឈប់ហើយ»។
គួរបញ្ជាក់ផងដែរថា កាលដែលចិនធ្វើជាម្ចាស់ផ្ទះអូឡាំពិកកាលពីឆ្នាំ២០០៨ គឺនៅថ្ងៃបើក និងបិទពិធី គឺប៉ះចំថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត បើតាមព្យាករណ៍ឧទុនិយម។ នៅថ្ងៃបើកគឺថ្ងៃ៨ ខែ៨ ចិនបានប្រើទាំងពិធី ដោយនាំគ្នាប្រើក្រដាសតុក្តតាចេញបែបសិល្បៈផង តែចិនមិនចោលវិទ្យាសាស្រ្តនោះទេ គឺគេប្រើវិធីបាញ់ពពកហៅថា Cloud Seeding ជាហេតុឱ្យចិនទទួលបានជោគជ័យគ្មានភ្លៀងទាំងថ្ងៃបើក និងថ្ងៃបិទ។
ប្រភពអត្ថបទ ៖ Mao Vutha
All Picture From Google Search Engine!