ដំណាលចាស់ៗពីបុរាណច្រើននិយាយថា មូលហេតុដែលអ្នកឡើងហើមត្របកភ្នែក ឬយើងហៅថា ពពែឆ្កែ នោះក៏ដោយសារតែយើងបានឃើញ ឬទៅមើលឆ្កែកំពុងទាក់គ្នា។
ចាក់ហេតុផលឲ្យស៊ីជម្រៅទៅ នៅពីក្រោយបញ្ហាការកើតពពែឆ្កែនេះ មិនមែនមកពីដោយសារមើលឆ្កែធ្វើអីគ្នាអ៊ីចឹងទេ ផ្ទុយទៅវិញដោយសារហេតុផលខាងក្រោមទាំង ៨៖
ញីភ្នែករបស់អ្នកញឹកញាប់ពេក ហើយនាំឲ្យបាក់តេរីនិងធូលីជាប់កកកុញច្រើន
មិនបានលាងសម្អាតគ្រឿងសំអាងជុំវិញភ្នែកឲ្យបានល្អ
បំពាក់និងដកមកវិញនូវ Contact Lenses ដោយប្រើប្រាស់ដៃមិនស្អាត
ប្រើកន្សែងដៃមិនស្អាតយកមកជូតភ្នែក
មានទម្លាប់យកអាវដែលពាក់ មកជូតភ្នែក
លាងសម្អាតផ្ទៃមុខជាមួយទឹកកខ្វក់
ទឹកកខ្វក់ខ្ទាតចូលទៅក្នុងភ្នែក
ធូលីនៅក្នុងខ្យល់អណ្តែតចូលទៅក្នុងភ្នែក
ដោយសារកត្តាទាំងអស់ខាងលើនេះហើយ ដែលនាំឲ្យបាក់តេរីនិងធូលី វាចូលមកក្នុងភ្នែកហើយពេញនៅត្រង់ទីតាំងត្របកភ្នែក នាំឲ្យកើតទៅជាដុំពកមួយ ឬក្លាយទៅជាការរលាក។ ប្រព័ន្ធភាពសាំរាងកាយមិនអាចទប់ទល់ឈ្នះទាំងស្រុងនោះទេ ហេតុផលហ្នឹងទើបនាំឲ្យកើតក្លាយទៅជាដុំពក ហើយឡើងហើមត្របកភ្នែកហ្នឹងតែម្តងទៅ។
វិធីព្យាបាលគឺសាមញ្ញហើយក៏មិនពិបាកពេកដែរ។ អ្នកត្រូវឧស្សាហ៍យកទឹកក្ដៅឧណ្ហ៍ៗមកលាងសម្អាតភ្នែក ២-៣ ដងក្នុងមួយថ្ងៃ ហើយយកក្រណាត់ដែលស្អាតមកជូតសម្អាត ហើយបញ្ចៀសឲ្យបាននូវការយកដៃទៅញីលើទីតាំងដែលរលាក ឬព្យាយាមច្របាច់ទីតាំងនោះ ព្រោះវាអាចបង្កទៅជាការរលាកធ្ងន់ធ្ងរលើសដើម។
បន្ថែមពីនេះចូរប្រើប្រាស់ទឹកលាងសម្អាតភ្នែក ដោយបន្តក់ ១/២ ដំណក់ ហើយធ្វើបែបនេះញឹកញាប់ ៤-៥ ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់បាក់តេរី និងជម្រុះធូលីដីចេញពីភ្នែក។ អនុវត្តបែបនេះត្រឹមរយៈពេល ២-៣ ថ្ងៃ ពពែឆ្កែរបស់អ្នកនឹងជាសះស្បើយហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក