ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។

123188686_3793469484031816_8130745757032813089_o

ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។

ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។

123490204_3792596607452437_6796962536518934345_o

ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក ជាមនុស្សម្នាក់ដែលមាន​ទំនួលខុសត្រូវខ្ពស់ដែរ។

ផ្ទុយទៅវិញ ប្រសិនបើលោក ក ជិះប៉ះពារគេតិចតួចហើយព្យាយាមបើកបររត់ ដោយមិនព្រមនៅទទួលខុសត្រូវ ស្រួលមិនស្រួលអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតក៏ថាបាន។ ចៃដន្យគាត់បើករត់ទៅបុកអ្នកដទៃ បង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះលោក ក នឹងមានកំហុសកាន់តែធ្ងន់ធ្ងរឡើងមិនខាន។

123627150_3792269864151778_5704653121429028439_o

ដូច្នេះ ប្រសិនបើអ្នកសាងនូវកំហុសឆ្គងអ្វីមួយ ទោះបីកំហុសនោះកើតដោយ​ចេតនាឬអចេតនាក៏ដោយ អ្នកត្រូវតែហ៊ានទទួលខុសត្រូវ ហើយហ៊ាន​ពោលពាក្យសុំទោសគេ តែដាច់ខាតកុំគេចវេះឬច្រានកំហុសដាក់អ្នកដទៃ​ឱ្យសោះ៕

129544743_3891894040856026_1249776365585325464_o

#ស្រង់ប្រសាសន៍ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយ_MJQUPTeam

ប្រភព ៖ Mengly J. Quach, MD, MPH