រឿង ៤ យ៉ាងដែលយើងត្រូវដឹងឱ្យកាន់តែច្បាស់នៅក្នុងជីវិតនេះ ដើម្បីរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ

គ្រួសារ គឺជាមនុស្សដែលនៅជិត ស្និទ្ធស្នាលនឹងយើងខ្លាំងបំផុត ជាពិសេសគឺ ឪពុកម្ដាយ ដែលជាមនុស្សនឹកគិត បារម្ភ និងខ្វល់ខ្វាយពីយើងខ្លាំងបំផុត ដូច្នេះហើយ ទោះយ៉ាងណាក៏ដោយ ត្រូវតែជឿជាក់ ទុកចិត្ត កុំមានគំនិតមិនល្អចំពោះមនុស្សក្នុងគ្រួសារឱ្យសោះ។ យ៉ាងណាមិញ ៤ ចំណុចនេះ ដែលយើងត្រូដឹងឱ្យច្បាស់ ដើម្បីរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ។

Cover Copy

១. ក្រកុំបន្ទោសឪពុកម្ដាយ

ការដែលបានកើតមកជាមនុស្ស រស់នៅលើផែនដីនេះ គឺជាបុណ្យសំណាងមួយហើយ ហើយមនុស្សដែលផ្ដល់កំណើតដល់យើង គឺជាអ្នកមានគុណដ៏ធំធេងបំផុតសម្រាប់យើង មិនថាកើតមកក្នុងគ្រួសារក្រលំបាកយ៉ាងណានោះឡើយ ដាច់ខាតកុំបន្ទោសឪពុកម្ដាយក្រ គាត់មិនចង់ក្រលំបាកដែរ តែការដែលមានយើងជាកូន គឺជាជំនូន ជាអំណោយដ៏មានតម្លៃសម្រាប់អ្នកដែលជាឪពុកម្ដាយ។

ដូច្នេះ កុំអន់ចិត្តដែលកើតមកមានឪពុកម្ដាយក្រ ក៏កុំបន្ទោសព្រោះតែស្ថានភាពក្រលំបាករបស់គ្រួសារ យ៉ាងណា យើងត្រូវតែធ្វើខ្លួនឱ្យបានល្អ ជាកូនល្អ ធំឡើងមើលថែ សងគុណឪពុកម្ដាយ កើតមកក្រ មិ​នមែនជាបញ្ហាទេ តែបើស្លាប់ទៅវិញក្រ ទើបជាកំហុសរបស់យើង។

២

២. មាន ឬក្រ កុំមើលងាយបងប្អូន

សេចក្ដីសុខរបស់អ្នកដែលជាឪពុកម្ដាយ គឺការដែលបានកូនល្អ ចេះដឹងគុណ រឹតតេវិសេសវិសាលជាងនេះ គឺការដែលឃើញកូនៗចេះស្រឡាញ់ ជ្រោមជ្រែង ជួយគ្នាទៅវិញទៅមក នោះហើយជាបំណងដ៏ធំសម្រាប់ពួកគាត់។ យ៉ាងណាមិញ មិនថាមាន ឬក្រយ៉ាងណាទេ បងប្អូនត្រូវតែចេះស្រឡាញ់ មើលថែ ជួយគ្នាទៅវិញទៅមក កុំច្រណែនបងប្អូនឯង រឹតតែកុំមើលងាយសាច់ឈាមឯងឱ្យសោះ ទោះយ៉ាងណា ក៏ជាបងប្អូន កើតពីផ្ទៃម្ដាយតែមួយ ការចេះជួយគ្នា ស្រឡាញ់គ្នា គឺជាគុណបុណ្យដ៏បវរ។

៣. មានបញ្ហា កុំបន្ទោសប្ដីប្រពន្ធ

ការរស់នៅក្នុងនាមជាប្ដីប្រពន្ធ ក្រោមដំបូលតែមួយ ដេកគ្រែតែមួយ ស្ថានភាពក្នុងគ្រួសារ ​មិនថាយ៉ាងណា គឺតែងតែចៀសមិនផុតពីបញ្ហា ការលំបាក ជាពិសេសគឺ ការធ្វើការរកស៊ី តែងមានបញ្ហាកើតឡើង រកលុយមិនសូវបាន សុទ្ធតែជារឿងដែលចៀសមិនផុត។ តែមិនថាមានរឿងអ្វីនោះទេ ប្ដីប្រពន្ធ ត្រូវចេះជ្រោមជ្រែងគ្នា ប្រឹក្សាយោបល់ សួរនាំពេលមានបញ្ហា ត្រូវរួមគ្នាប្រឈមមុខ និងដោះស្រាយ កុំគិតតែស្ដីបន្ទោស រករឿងឈ្លោះគ្នាឱ្យសោះ ទើបអាចដោះស្រាយជម្លោះក្នុងផ្ទះ អាចបោះជំហានទៅមុខជាមួយគ្នា អាចរីកចម្រើនកាន់តែខ្លាំង មិនបែកបាក់។

១

៤. ខឹង មួម៉ៅ កុំវាយដំកូនចៅ

មិនថាអារម្មណ៍មិនល្អយ៉ាងណា ជួបប្រទះនូវអ្វីក៏ដោយ ដាច់ខាតកុំវាយដំ ធ្វើបាប ស្រែកគំហក រករឿង ស្ដីបន្ទោសកូនចៅក្នុងផ្ទះ ព្រោះវាជាអារម្មណ៍យើងខ្លួនឯង មិនបានទៅពាក់ព័ន្ធអ្វីនឹងកូនចៅយើងទេ កុំបណ្ដោុយឱ្យកំហឹង និងអារម្មណ៍មិនល្អមួយពេល បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍កូនចៅ ធ្វើឱ្យកើតមានកំហុសឱ្យសោះ។

មួយវិញទៀត ជាពិសេសគឺ ចំពោះកូនចៅដែលនៅតូចៗ កុំធ្វើឱ្យគ្នាមានអារម្មណ៍បាក់ស្បាត ខឹង អន់ចិត្ត ព្រោះតែការជះកំហឹងមួយគ្រារបស់យើងទៅកាន់ពួកគេ កុំបង្កឱ្យមានបញ្ហាតូចធំណាមួយកើតមាន ដោយសារតែអារម្មណ៍មិនល្អរបស់យើង កុំបង្កឱ្យមានគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្តទៅលើកូនចៅនៅក្នុងផ្ទះឱ្យសោះ៕

អត្ថបទ ៖ ក្នុងស្រុក / Knongsrok