មនុស្សស្រីដែលសំណាងទៅបាន ដោយហេតុ ៣ យ៉ាង ទី១ បានកើតមកក្នុងគ្រួសារល្អ មានឪពុកម្ដាយស្រឡាញ់ ថ្នាក់ថ្នម ផ្ដល់ភាពកក់ក្ដៅ ទី២ បានជួបដៃគូជីវិតដ៏គាប់ប្រសើរ អាចកាន់ដៃគ្នា រួមដំណើរ និងមានអារម្មណ៍សុវត្ថិភាព ទី៣ មានកូនកត្តញ្ញូ ចេះដឹងគុណ មិនធ្វើឱ្យនាងគ្រាំទ្រូង វេទនា ដោយសារតែកូនដើរលើផ្លូវខុស។ ប៉ុន្តែមួយជីវិតមនុស្សស្រី មិនអាចសមបំណង បានជួបរឿងទាំង ៣ នេះល្អទាំងព្រមបានឡើយ។
តែទោះជាយ៉ាងណាក៏ដោយ មនុស្សស្រីទោះអ្នកមិនអាចទទួលបានសំណាងទាំង ៣ យ៉ាងខាងលើក៏ដោយ ឱ្យតែអ្នកអាចមានសេចក្ដីសុខក្នុងផ្លូវទាំង ៤ យ៉ាងខាងក្រោមនេះ មិនថាអ្នកនៅលីវ ឬរៀបការរួចក៏ដោយ ក៏អាចរាប់ថា ជីវិតអ្នកល្អប្រសើរណាស់ទៅហើយ។
១. សេចក្ដីសុខផ្លូវកាយ
សេចក្ដីសុខផ្លូវកាយ មិនមែនមានន័យថា អ្នកមិនធ្វើការ ដេកស្រួល ស៊ីស្រួល មិនហត់នោះឡើយ តែវាមានន័យថា អ្នករស់នៅប្រកបដោយផាសុកភាព មានរាងកាយមាំមួន មានសុខភាពល្អ មិនទ្រុឌទ្រោម មិនរ៉ាំរ៉ៃ អ្នករឹងមាំ ស្វាហាប់គ្រប់គ្រាន់ ដែលអាចទៅណាមកណាបានដោយខ្លួនឯង អាចធ្វើការរកលុយបានដោយខ្លួនឯង នេះដោយសារតែរាងកាយរបស់អ្នកមានសុខភាពល្អ។
២. សេចក្ដីសុខផ្លូវចិត្ត
មនុស្សយើងមិនថាប្រុស ឬស្រីទេ ការដែលមានសេចក្ដីសុខផ្លូវចិត្ត វាគឺជាជោគជ័យមួយផ្នែក ព្រោះស្ថិតក្នុងស្ថានភាពនេះ ផ្លូវចិត្តគឺសំខាន់ណាស់ ផ្លូវចិត្តរឹងមាំ ផ្កូវកាយមាំមួន គឺជាជោគជ័យធំបំផុតហើយ បើផ្លូវចិត្តមិនល្អ ផ្លូវជីវិតក៏រកាំរកូស មិនអាចទៅមុខបានល្អដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមានផ្លូវចិត្តល្អ គឺជារៀងដែលគាប់ប្រសើរ ផ្លូវចិត្តដែលជ្រះស្រឡះ គ្មានសម្ពាធ នេះនឹងនាំឱ្យយើងកាន់តែរីករាយសប្បាយចិត្ត ដូច្នេះហើយ មនុស្សស្រីអ្នកត្រូវតែថែរក្សាផ្លូវចិត្តឱ្យបានល្អ។ បើនិយាយចំពោះមនុស្សស្រីដែលរៀបការរួច មានប្ដី បើអ្នកបានប្ដីល្អ មិនធ្វើបាបចិត្តរបស់អ្នក បានប្ដីដែលចេះថ្នាក់ថ្នម មើលថែ យល់ពីអ្នក វាពិតជាសំណាងខ្លាំងណាស់ នេះបញ្ជាក់ថា អ្នកមានសេរីភាព និងសេចក្ដីផ្លូវចិត្តហើយ។
៣. សេចក្ដីសុខផ្លូវគំនិត
គេការ ការគិតគូរកិច្ចការងារតូចធំ គឺទុកឱ្យមនុស្សប្រុសជាអ្នកចាត់ចែង ចំណែកមនុស្សស្រីមិនបាច់គិតអ្វីច្រើនទេ ធ្វើតែការងារផ្ទះ ដាំបាយ ធ្វើម្ហូប មើលកូន គឺបានហើយ។ តែនេះមិនមែនជារឿងដែលសំណាងទេណាមនុស្សស្រី មិនមែនមិនធ្វើការអ្វី មិនបាច់ហត់រកលុយ នៅតែផ្ទះស្រួលៗនោះឡើយ បើអ្នកចាំតែឱ្យមនុស្សប្រុសដឹកនាំមុខ រកលុយ អ្នកប្រាកដជាគ្មានសេចក្ដីសុខទាំងកាយ និងចិត្ត អ្នកក៏គ្មានសំណាងបានជីវិតល្អដែរ នេះក៏ព្រោះតែគំនិតរបស់អ្នក គេមិនទទួលយក ក៏បានន័យថា អ្នកជាមនុស្សគ្មានបានការ។
យ៉ាងណាមិញ មនុស្សស្រី អ្នកត្រូវតែមានចំណេះដឹង និងមានប្រាជ្ញាឈ្លាសវៃ ចេះគិតគូរ អ្នកនឹងមានសិទ្ធសម្រេចចិត្ត ផ្ដល់ជាគំនិតតាមដែលអ្នកយល់ឃើញ បើអ្នកជាមនុស្សដែលមានចំណេះ នោះគ្រប់គ្នានឹងឱ្យតម្លៃលើគំនិតរបស់អ្នក ខ្លួនអ្នកផ្ទាល់ ក៏មានតម្លៃ គ្មានអ្នកណាហ៊ានមើលងាយ ឬជាន់ឈ្លីអ្នកបានឡើយ ដោយសារតែអ្នកមានសេរីភាពគ្រប់គ្រាន់លើផ្លូវគំនិត ដូច្នេះ ការដែលអ្នកអាចគិត និងធ្វើការសម្រេចចិត្តតាមការចង់បានរបស់អ្នក វាគឺជាសេចក្ដីសុខមួយផ្នែកហើយ។
៤. សេចក្ដីសុខផ្លូវហិរញ្ញវត្ថុ
អ្នកណាថា លុយមិនសំខាន់ ឱ្យអ្នកហ្នឹងរស់នៅតាមរបៀបគេទៅ តែយើងត្រូវតែមានលុយ ជាពិសេសស្រីៗ បើអ្នកមានហិរញ្ញវត្ថុរឹងមាំ មានលុយចាយគ្រប់គ្រាន់ ត្រូវការប៉ុនណា មានប៉ុណ្ណឹង ជីវិតអ្នកនឹងស្រស់ថ្លា មិនអាប់អួរ មិនបាច់ភ័យព្រួយថាគ្មានលុយចាយ គ្មានលុយផ្គត់ផ្គង់តម្រូវការនោះឡើយ។
លុយកាក់ វាពិតជាសំខាន់ និងចាំបាច់ខ្លាំងណាស់ ដែលយើងត្រូវតែមាន ព្រោះជីវិតរាល់ថ្ងៃ អ្វីក៏ត្រូវការលុយដែរ បើគ្មានលុយទេ ជីវិតនេះ ក៏គ្មានអ្វីដែរ ព្រោះអត់លុយទៅរកគេ ពឹងគេវាមិនដូចការដែលយើងមានលុយខ្លួនឯងនោះឡើយ។ ហើយការដែលយើងមានលុយ វាក៏ល្អដែលយើងអាចជួយមនុស្សក្បែរខ្លួនយើងបាន តាមអ្វីដែលយើងចង់ដែរ។ ដូច្នេះ ការដែលមានសេចក្ដីសុខលើផ្លូវហិរញ្ញវត្ថុ វាគឺជាសំណាងដ៏ធំមួយសម្រាប់មនុស្សស្រី៕
អត្ថបទ ៖ ក្នុងស្រុក / Knongsrok