មនុស្សស្រីម្នាក់អាចមានរូបសម្រស់ស្រស់ស្អាត មិនប្រាកដថាមានចរិតល្អនោះទេ។ យ៉ាងណា ចរិតល្អ មានអត្ថប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គមយ៉ាងខ្លាំង។ ខាងក្រោមនេះនឹងរៀបរាប់អំពីលក្ខណៈមួយចំនួនរបស់មនុស្សស្រីល្អដែលមានចរិតល្អ។
១. មនុស្សស្រីចរិតល្អ គឺមិនចេះខឹងផ្តេសផ្តាសឡើយ
និយាយជារួមទៅ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង ជាពិសេសមិនអាចយកកំហឹងជះទៅលើអ្នកដទៃផ្តេសផ្តាសឡើយ។ សង្គមបច្ចុប្បន្ន មនុស្សភាគច្រើននិយាយថាមនុស្សស្រីគួរតែខ្លាំងបន្តិច ទើបមិនទទួលរងការធ្វើបាបពីអ្នកដទៃ។ ប៉ុន្តែ ភាពខ្លាំងនេះតាំងពីដើមមកមិនមែនសម្ដីទៅលើការរករឿងឥតហេតុផល និងការបញ្ចេញកំហឹងខឹងផ្តេសផ្តាសនោះទេ។
បច្ចុប្បន្នគឺជាសង្គមនិតិរដ្ឋ រាល់កិច្ចការងារដែលយើងអនុវត្តន៍សុទ្ធតែត្រូវមានហេតុផលច្បាស់លាស់ ត្រូវធ្វើរឿងដែលខ្លួនគួរតែធ្វើ បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ មិនមែនចេះឈឺឆ្អាលរឿងគេច្រើនពេក ហើយខឹងអ្នកនេះអ្នកនោះដោយឥតមូលហេតុនោះឡើយ។
កាលពីមុនធ្លាប់ស្គាល់នារីម្នាក់ នាងមានរូបសម្រស់ធម្មតា ប៉ុន្តែនរណាក៏ដោយឱ្យតែរាប់អានជាមួយនាងសុទ្ធតែនិយាយថា នាងស្រស់ស្អាតខ្លាំងណាស់។ តាមពិតគឺចង់និយាយអំពីភាពស្រស់ស្អាតនៃដួងចិត្តរបស់នាង ពីព្រោះតាំងពីដើមមកមិនដែលឃើញនាងខឹងស្រែកឡូឡាផ្តេសផ្តាសឡើយ។មានពេលខ្លះ កំហុសដោយអចេតនារបស់អ្នកដទៃបន្តិចបន្តួច នាងគ្រាន់តែញញឹមដោយមិនប្រកាន់អ្វីច្រើនឡើយ។ ដូច្នេះ រាល់ដងពេលជួបនាង ពួកយើងសុទ្ធតែមានអារម្មណ៍ថារីករាយ។
២. មនុស្សស្រីល្អគួរតែមិនចេះប្រកាន់ច្រើនឡើយ
ការប្រកាន់ច្រើន ធ្វើឱ្យខ្លួនឈឺចាប់ និងអ្នកដទៃក៏មិនយល់ចូលចិត្ត។ យ៉ាងណា នៅក្នុងជីវិតរស់នៅមានរឿងខ្លះ គឺមិនចាំបាច់ប្រកាន់ខ្លាំងពេកនោះឡើយ។ ការរស់នៅរបស់ពួកយើង គឺមិនងាយស្រួលទេ ពីព្រោះជីវិតគឺពិបាកណាស់ទៅហើយ ពួកយើងចាំបាច់ធ្វើឱ្យលំបាកដល់គ្នាធ្វើអ្វីទៀត។ មានតែមនុស្សដែលមិនចេះប្រកាន់ទេ គឺស្រស់ស្អាតបំផុត ប្រហែលជាមនុស្សស្រីម្នាក់អាចធ្វើការតុបតែងផាត់មុខ ហើយក្លាយទៅជាស្រស់ស្អាតមែន ប៉ុន្តែបើពេលដែលជួបរឿងអ្វីមួយបែរជាប្រកាន់ច្រើននោះ ពិតជាមិនសក្តសមនឹងរូបសម្រស់នេះឡើយ។
៣. មនុស្សស្រីល្អមិនចេះខឹងត្អួញត្អែរឡើយ
ការខឹងត្អួញត្អែរនេះ យើងធ្លាប់ឆ្លងកាត់នឹងយល់ហើយ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហបានទេ នៅងាយធ្វើឱ្យខ្លួនមិនរីករាយទៀតផង។ យ៉ាងណា លទ្ធផលនៃការខឹងត្អួញត្អែរគ្រាន់តែអាចធ្វើឱ្យខូចប្រយោជន៍ខ្លួន និងអ្នកដទៃប៉ុណ្ណោះ។ មានពេលខ្លះ បើខឹងត្អួញត្អែរមិនឈប់ដដែលៗ ដូច្នេះប្រៀបមិនស្មើយើងទៅលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃនោះឡើយ។
រឿងខ្លះដែលបានកើតឡើង ដើមឡើយ គឺឈឺចាប់ណាស់ទៅហើយ អ្វីដែលយើងត្រូវធ្វើនោះគឺត្រូវប្រឈមមុខនឹងជីវិតនាថ្ងៃអនាគតឱ្យរឹតតែល្អ។ ត្រូវដឹងថា អ្វីដែលត្រូវកន្លងផុតគង់តែកន្លងផុតទេ អនាគតទើបជាអ្វីដែលពួកយើងត្រូវយកចិត្តទុកដាក់ពិតប្រាកដ។ ពេលដែលយើងចេះដោះស្រាយការខឹងត្អួញត្អែរនេះ ពួកយើងប្រាកដជាអាចទទួលបានភាពល្អផូរផង់កាន់តែច្រើន។
ចុងក្រោយ សង្ឃឹមថាពួកយើងធ្វើជាមនុស្សស្រីម្នាក់ដែលមានអត្តចរិតល្អ។ យ៉ាងណា មនុស្សស្រីដែលមានអត្តចរិតល្អ មិនត្រឹមតែមានផលល្អសម្រាប់ខ្លួនឡើយ ក៏មានប្រយោជន៍សម្រាប់គ្រួសាររបស់ខ្លួនផងដែរ។ មនុស្សស្រីម្នាក់អាចព្រោះតែភាពស្រស់ស្អាតខាងក្រៅរបស់ខ្លួនត្រូវបានគេសរសើរ ប៉ុន្តែមនុស្សស្រីដែលមានចរិតល្អម្នាក់បែរជាមានរូបសម្រស់លេចធ្លោជាងគេ ព្រមទាំងអាចទទួលបានការសរសើរពីសំណាក់មហាជនទៀតផង៕
អត្ថបទ ៖ បក្សី ទេព / Knongsrok