មិនសុទ្ធតែអ្នករាល់គ្នាដឹងនោះទេ ហើយអ្នកអាចឆ្លើយនូវចម្លើយដ៏ខ្លី តែប្រហែលមិនទាន់បានយល់ស៊ីជម្រៅនៅឡើយ ថាតើពេលក្រោកពីគេងភ្លាមនៅពេលព្រឹក គួរដុសធ្មេញមុនឬ ផឹកទឹកមុនដែលល្អបំផុត?
ចម្លើយដូចបញ្ជាក់ពីខាងលើ គឺខ្លីងាយឆ្លើយណាស់ តែវាមានប្រយោជន៍សម្រាប់សុខភាពអ្នក ដែលអ្នកចាំបាច់ត្រូវដឹង។ តាមទម្លាប់ប្រជាជនជប៉ុន គឺពួកគេក្រោកមកភ្លាម តម្រង់ទៅទទួលទានទឹកមុន ហើយជាប្រភេទទឹកក្ដៅឧណ្ហ៍ៗ មិនមែនទឹកត្រជាក់ទាំងព្រលឹមនោះទេ។
អ្នកជំនាញបាននិយាយថា ការផឹកទឹកមុន ដុសធ្មេញ គឺសំខាន់ណាស់ ព្រោះវាជួយឲ្យរាងកាយបំពេញនូវបរិមាណទឹកដែលបាត់បង់បន្ទាប់ពីគេងយូរ ហើយការទទួលទានទឹកនៅពេលពោះទទេ គឺវាជួយសម្អាតមេរោគ និងបាក់តេរីផ្សេងៗចេញពីមាត់ និងបង្កើនល្បឿនបណ្តេញជាតិពុលចេញពីរាងកាយ ដូចបានសម្អាតពោះវៀន។
ជាងនេះវាក៏ជួយពង្រឹងប្រព័ន្ធរំលាយអាហារទាំងមូលឲ្យដំណើរការល្អ ជួយឲ្យចរន្តឈាមរត់ស្រួល ពោលដូចជាឱសថម្យ៉ាងដើរតួទៅព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែម ទល់លាមក រលាកក្រពះ ឬគ្រួសក្នុងតម្រងនោមអ៊ីចឹងដែរ។
យ៉ាងណាមុនពេលផឹកទឹកក្ដៅឧណ្ហ៍ៗនោះចូលពោះ គេទម្លាប់ឲ្យខ្ពុរមាត់សិន សឹមទទួលទានទឹកលេបចូលពោះ ព្រោះទម្លាប់នេះដើម្បីធានាពីការសម្អាតជាតិពុលឬបាក់តេរីផ្សេងៗដែលជាប់នៅខាងក្នុងមាត់ ត្រូវបានខ្ជាក់ទៅខាងក្រៅ ជាជាងការលេបចូលមកក្នុងរាងកាយវិញ។ រួចហើយសឹមទទួលទានទឹកក្ដៅឧណ្ហ៍ៗចូលទៅខាងក្នុងរាងកាយ ដើម្បីបន្សាបជាតិពុលដែលកកកុញនៅក្នុងសរីរាង្គទាំងមូល រួចសឹមដុសធ្មេញតាមក្រោយ នេះទើបជាទម្លាប់ដ៏ល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក