មនុស្សភាគច្រើនពេលដែលមានអ្វីមិនដូចគេ មិនចេះដូចគេ មិនស្អាតដល់គេ មិនពូកែរកលុយបានប្រហែលគេ នៅក្នុងចិត្តសុទ្ធតែគិតថា “ហេតុអ្វីខ្ញុំអន់ម្ល៉េះ ឬក៏ម៉េចក៏ខ្ញុំមិនដូចគេអ៊ីចឹង?” សំនួរនេះតែងយកមកចោទសួរលើខ្លួនឯង។ ចុះយើងមានដែលគិតទេថា “តើខ្ញុំចូលចិត្តអ្វី? ពូកែលើមុខវិជ្ជាអ្វី? ប៉ិនប្រសប់រឿងអ្វី?” ដែលឬទេ? ហេតុអ្វីបានជាយើងចេះតែប្រៀបធៀប និងអន់ចិត្តចំពោះខ្លួនឯង ពេលដែលធ្វើអ្វីមិនបានជោគជ័យ? ត្រង់ចំណុចនេះក៏មានឧទាហរណ៍ទាក់ទងនឹងរឿងនេះដែរ។
មានសាលាមួយនៅក្នុងទីក្រុងញ៉ូយ៉ក ដើម្បីចង់បរិច្ចាគដល់សិស្សក្រីក្រ ក៏បានបើកការសម្ដែងល្ខោននិយាយមួយដែលមានឈ្មោះថា “យប់មុនថ្ងៃបុណ្យណូអែល”។
នាងតូច កាឌឺរាន មានអាយុ៩ឆ្នាំ ត្រូវបានអ្នកគ្រូជ្រើសរើសឱ្យសម្តែងជាព្រះនាងនៅក្នុងរឿងមួយនេះ។ ប៉ុន្មានសប្តាហ៍ជាប់គ្នានេះ ម្តាយនាងបានហាត់សមបារ៉ូលជាមួយនាងដោយលំបាក។ ប៉ុន្តែ ទោះបីជានាងនៅផ្ទះហាត់សមបានល្អយ៉ាងណាក៏ដោយ ឱ្យតែឈរនៅលើឆាក នាងតែងភ្លេចបារ៉ូលអស់រលីងតែម្តង។
អ្នកគ្រូឃើញបែបនេះ មានតែឱ្យអ្នកផ្សេងមកដើរតួជំនួសនាង។ អ្នកគ្រូបានប្រាប់ទៅនាងថា គាត់បានឱ្យកាឌឺរានមកពោលជំនួសវិញ ហើយតួអង្គដែលនាងត្រូវសម្តែងត្រូវឱ្យអ្នកផ្សេងដើរជំនួសវិញ ។ ដ្បិតតែនាងឆ្លើយតបយ៉ាងទន់ភ្លន់មែន តែនាងមិនសប្បាយចិត្តឡើយ ជាពិសេសនៅពេលដែលមើលឃើញតួអង្គដែលជារបស់ខ្លួនត្រូវប្រគល់ឱ្យក្មេងស្រីដទៃសម្តែងជំនួស។
ថ្ងៃនោះពេលដែលនាងត្រលប់មកផ្ទះនៅពេលបាយថ្ងៃត្រង់ នាងមិនបានយករឿងដែលកើតឡើងប្រាប់ទៅម្តាយនាងឡើយ។ ដោយសារតែឃើញកូនស្រីមានទឹកមុខស្រងូតស្រងាត់ ម្តាយនាងមិនបានរំឭកដល់រឿងសមប៉ារ៉ូលទៀតទេ តែសួរនាងថា តើកូនចង់ដើរមើលក្នុងសួនច្បារទេ? ពេលដែលចេញទៅដល់ខាងក្រៅនាងបានឃើញម្តាយរបស់នាងឱនបោចផ្កាមុខផ្ទះដែលដុះស៊ុបទ្រុបទាំងនេះចេញ។ ម្តាយនាងនិយាយបណ្ដើរ ប្រើកម្លាំងបោចផ្កាទាំងឫសបណ្តើរ។
ឃើញសភាពបែបនេះ កាឌឺរីនបានប្រាប់ម្តាយថា “ទេម៉ាក់! ខ្ញុំស្រលាញ់ផ្កាទាំងនេះ! ផ្កាទាំងអស់សុទ្ធតែស្រល់ស្អាត ទោះវាដុះស្រ៊ុបទ្រុបក៏ដោយ ក៏មើលទៅវាស្រស់ស្អាតប្លែកៗពីគ្នាដែរ។”
ម្តាយនាងក៏ញញឹមហើយពន្យល់នាងថា “ត្រូវហើយ ផ្កានីមួយៗត្រូវយកលក្ខណៈរបស់ខ្លួនផ្តល់ឱ្យមនុស្សរីករាយ តើមែនទេ? នាងបានងក់ក្បាល ដោយក្តីរីករាយ ព្រមទាំងយល់ស្របនឹងគំនិតរបស់ម្តាយ។”
ម្តាយនាងបាននិយាយបន្ថែមទៀតថា “មិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើជាព្រះនាងនោះទេ មិនបានដើរតួជាព្រះនាងគ្មានអ្វីត្រូវខ្មាសគេនោះទេ”។
នាងគិតថាម្តាយបានទាយដឹងពីភាពឈឺចាប់របស់ខ្លួនហើយ នាងបានប្រាប់រឿងដែលបានកើតឡើងទៅកាន់ម្តាយនាងដោយនិយាយបណ្តើរ ស្រែកយំបណ្តើរ។
បន្ទាប់ពីម្តាយបានស្តាប់រួចហើយក៏និយាយដោយក្តីញញឹមថា “ប៉ុន្តែ កូនបានក្លាយទៅជាអ្នកពោលដ៏លេចធ្លោម្នាក់ តួរអង្គពោលក៏សំខាន់ដូចជាតួរអង្គព្រះនាងដែរ ។”
មិនថាផ្កា ឬមនុស្សឡើយ សុទ្ធតែមានលក្ខណៈពិសេស ការចូលចិត្ត ភាពប៉ិនប្រសប់ និងរបៀបនៃការរស់នៅរបស់ខ្លួនរៀងៗខ្លួន ដូច្នេះហើយអ្វីដែលយើងអាចធ្វើបាននោះ គឺត្រូវឈ្វេងយល់ពីខ្លួនឯងឱ្យបានច្រើន ដើម្បីញុំាងឱ្យខ្លួនកាន់តែរីកចម្រើន៕
អត្ថបទ ៖ Mythical Bird / Knongsrok