ជាការពិត មនុស្សម្នាក់ត្រូវតែមានគូ គ្រប់គ្នាត្រូវតែរៀបការ សាងគ្រួសារមួយជារបស់ខ្លួនឯង ប៉ុន្តែ ការរៀបការ គឺជារឿងសំខាន់មួយផ្នែកសម្រាប់ជីវិត ដែលត្រូវគិត សម្រេចចិត្តឱ្យបានមត់ចត់ ព្រោះយើងត្រូវទទួលយកមនុស្សម្នាក់ផ្សេងទៀត ដែលពុំធ្លាប់ជាអ្វីនឹងយើងសោះ ឱ្យចូលមករួមដំណើរ ស្មើនឹងពាក់កណ្ដាលជីវិតជាមួយនឹងយើង ដូច្នេះហើយ មិនអាចលេងសើច រៀបការយ៉ាងឆាប់រហ័សបានឡើយ។
ប៉ុន្តែសំណួរសួរថា " តើរៀបការដើម្បីអ្វី? ដើម្បីឱ្យខ្លួនឯងមានគូ មានអនាគត មានគ្រួសារ ដើម្បីក្ដីសុខ សុភមង្គលក្នុងជីវិតខ្លួនឯង ឬរៀបការព្រោះតែខ្លាចគេថា នៅព្រៅ សៅកែ គ្មានអ្នកណាស្រឡាញ់ រៀបការព្រោះខ្លាចខ្មាសគេ? "
យុវវ័យមួយចំនួន សុខចិត្តរៀបការព្រោះតែហេតុផលមិនសមស្របជាច្រើន ៖
- រៀបការព្រោះតែត្រូវម៉ាក់ប៉ាបង្ខំ
- រៀបការព្រោះចង់បានលុយបណ្ណាការ លុយចំណងដៃយកមករកស៊ី
- រៀបការព្រោះខ្លាចញាតិមិត្ត បងប្អូនសើចចំអក
- រៀបការព្រោះតែឃើញគេការអស់
- រៀបការព្រោះតែអាយុច្រើន ខ្លាចចាស់ខក
- រៀបការព្រោះតែបញ្ហានៅក្នុងគ្រួសារ
- រៀបការព្រោះតែចង់បំភ្លេចស្នេហាចាស់
- រៀបការព្រោះសម្លឹងឃើញទ្រព្យសម្បត្តិគេ
- រៀបការព្រោះឃើញក្រុមគ្រួសារគេជាអ្នកមាន
- រៀបការព្រោះតែអារម្មណ៍ជ្រួលច្រាលមួយឆាវ -ល-។
សួរថា ការសម្រេចចិត្តរៀបការព្រោះតែចំណុចទាំងប៉ុន្មានហ្នឹង សង្ឃឹមទេថា ជីវិតរៀបការ ជីវិតគ្រួសាររបស់អ្នក នឹងបានល្អប្រសើរ មានក្ដីសុខ មានសុភមង្គលពិតប្រាកដនោះ? ការរៀបការ មិនមែនគ្រាន់តែរៀបការដើម្បីលុបលាងភាពអាម៉ាស់ មិនមែនរៀបការព្រោះតែលុយ មិនមែនរៀបការព្រោះតែចង់លើកមុខមាត់ឱ្យក្រុមគ្រួសារ ក៏មិនមែនរៀបការព្រោះតែចង់គេចពីបញ្ហាប៉ុណ្ណឹងនោះទេ មិនថាអ្នកនៅក្មេង ឬអាយុច្រើនប៉ុនណាក៏ដោយ កុំសម្រេចចិត្តរៀបការព្រោះតែហេតុផលអស់ទាំងហ្នឹង វាមិនគប្បី ហើយវាក៏មិនមានក្ដីសុខនិងសុភមង្គលសម្រាប់ដៃគូ ជាពិសេសគឺ សម្រាប់អ្នកខ្លួនឯងផ្ទាល់។
មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវដឹងថា ជីវិតគូត្រូវតែបានយូរអង្វែង មិនមែនដូចសង្សារចង់បែក ចង់ដូរពេលណាក៏បាននោះទេ។ ជីវិតប្ដីប្រពន្ធ គឺត្រូវអត់ធន់គ្រប់រឿង រឿងតូចរឿងធំ រឿងធ្ងន់រឿងស្រាល គឺត្រូវអត់ឱន និងអធ្យាស្រ័យឱ្យគ្នាឱ្យបាន។ រៀបការ គឺត្រុវជ្រើសយកអ្នកណាដែលអ្នកយល់ថា គេអាចផ្ដល់ស្នាមញញឹម និងក្ដីសុខសុភមង្គលឱ្យដល់គ្រួសារមួយនេះបាន អាចធ្វើគ្រប់យ៉ាង ដើម្បីឱ្យគ្រួសារមួយនេះ មានមុខមានមាត់ក្នុងសង្គម មិនមែនការរកអ្នកធំមកហើយ យំសោក បោកខ្លួន គ្រាំគ្រាចិត្ត ហត់នឿយគំនិតរាល់ថ្ងៃនោះឡើយ។ រៀបការដើម្បីឱ្យខ្លួនឯងមានអនាគត មានក្ដីសុខ គ្រួសារមានសុភមង្គល មិនមែនបង្អូតអ្នកផ្សេង ប្រជែងអ្នកណានោះទេ៕
អត្ថបទ ៖ គេហទំព័រក្នុងស្រុក