អ្នកថតរូបម្នាក់ឈ្មោះ Kenneth Panlilio បានថតរូបក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំម្នាក់កំពុងលក់ផ្កាតាមចិញ្ចើមថ្នល់ ដើម្បីរកលុយចិញ្ចឹមគ្រួសារ។ នៅក្នុងរូបថតទាំងនោះ គេឃើញក្មេងប្រុសអាយុ ៩ឆ្នាំនេះ អង្គុយអានសៀវភៅបណ្តើរ លក់ផ្កាបណ្តើរ។
ជារៀងរាល់ថ្ងៃបន្ទាប់ពីចេញពីសាលារៀន ក្មេងប្រុស Melvin បានជិះឡានក្រុងពី Munoz ទៅភាគខាងជើង EDSA ដើម្បីលក់ផ្កា។ បន្ទាប់ពីលក់ផ្កាអស់ហើយ គាត់បានត្រលប់ទៅផ្ទះវិញ ហើយជួនកាលបងប្រុសគាត់ឈ្មោះ Marlon Mendozaជូនគាត់ទៅផ្ទះវិញ។
បងប្រុសរបស់គាត់អាយុ 11ឆ្នាំក៏លក់ផ្កាដែរ ដើម្បីរកលុយចិញ្ចឹមគ្រួសារ និងជួយម្ដាយ ខណៈឪពុករបស់ពួកគេកំពុងជាប់គុក។ បងប្អូនទាំងពីរនាក់នេះតែងតែចេញពីផ្ទះតាំងពីព្រលឹម រហូតដល់ពាក់កណ្តាលយប់ដើម្បីរកលុយឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន និងសម្រាប់ការបង់ថ្លៃសាលាផងដែរ។
បងប្អូនទាំងពីរនាក់នេះទទួលស្គាល់ថា វាពិបាកសម្រាប់ពួកគេក្នុងការធ្វើឱ្យមានតុល្យភាពការសិក្សា និងមុខរបរលក់ផ្កា ប៉ុន្តែពួកគេគ្មានជំរើសនោះទេ។ ពួកគេថែមទាំងបានលក់ផ្កានៅចុងសប្តាហ៍ផងដែរ។
ប្រែសម្រួល៖ សុខ សុវណ្ណវិសាល | ប្រភព៖ បរទេស