ការអធិដ្ឋាន ៥ យ៉ាង ដែលត្រូវបានហាម ព្រោះការអធិដ្ឋានខ្លះ វានឹងជះឥទ្ធិពល ប៉ះពាល់ដល់ខ្លួនយើងវិញ

រាល់ការបួងសួង អធិដ្ឋានទាំងឡាយ រមែងក្លាយជាការពិត វាប្រៀបបានទៅនឹងច្បាប់ស្រូបទាញ អ្វីដែលយើងគិត អ្វីដែលយើងផ្សង វានឹងកើតឡើងទៅបាននៅវេលាណាមួយ។ យ៉ាងណាមិញ មានការអធិដ្ឋានមួយចំនួន ត្រូវបានហាមប្រាម ដែលយើងមិនគួរបួងសួងសុំនោះឡើយ បើទោះជាយើងមិនបានគិតអ្វីវែងឆ្ងាយ តែការសុំទាំង ៥ នេះ វានឹងជះផលមិនល្អ មករកយើងវិញ​​​​មិនខាន។

១. ការបួងសួង សូមឱ្យជាគូនឹងគ្នាគ្រប់ភពគ្រប់ជាតិ

មនុស្សជាច្រើន នៅពេលបានជួបស្នេហាដែលសមតាមបំណង បានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត បានស្រឡាញ់គ្នា​ ក៏តែងតែស្បថសច្ចា ឬអធិដ្ឋានបួងសួង សូមឱ្យបានជួបគ្នាគ្រប់ៗជាតិ ... តែគ្រប់គ្នាប្រហែលមិនដឹងទេថា ការបួងសួងសុំបែបនេះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកខ្លួនឯងបាន។

ឧ. ដូចជា ការកើតនៅជាតិមុខ អ្នកទាំងពីរអាចនឹងកើតនៅក្នុងសាសនាខុសគ្នា ដែលមានទំនៀមទម្លាប់ របៀបរបបផ្សេងគ្នា ប៉ុន្តែ ដោយសារតែកម្លាំងនៃការអធិដ្ឋានរបស់អ្នក ក៏រុញច្រានអ្នកទាំងពីរត្រូវតែវិលមកជួបគ្នា ... តែដោយសារតែភាពខុសគ្នា ឬការប្រកាន់ជាតិសាសន៍ វាអាចនឹងធ្វើឱ្យអ្នកទាំងពីរ ត្រូវរស់នៅជាមួយគ្នាដោយគ្មានក្ដីសុខ ឬត្រូវមកជួបដើម្បីលាងជម្រះកម្មនឹងគ្នា។

០

២. ការបួងសួង សុំឱ្យមានមនុស្សស្រឡាញ់ច្រើន

ចំពោះការអធិដ្ឋានបែបនេះ បើស្ដាប់ទៅ វាដូចជាមិនមានបញ្ហា ឬមានអ្វីដែលត្រូវហាមនោះឡើយ ប៉ុន្តែការពិតវិញនោះ វាអាចធ្វើឱ្យយើងមានមនុស្សតាមស្រឡាញ់ និងចង់បានច្រើន។ តែយ៉ាងណាមិញ ប្រសិនបើយើងមានគូគាប់រួចហើយនោះ ស្នេហាកំពុងតែដំណើរការទៅយ៉ាងល្អ តែដោយកម្លាំងអធិដ្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពនៅថ្ងៃណាមួយ នោះនឹងធ្វើឱ្យអ្នកមានអ្នកតាមស្អិតមិនលែង រហូតធ្វើឱ្យប៉ះពាល់ដល់ស្នេហា ឬជីវិតគូរបស់ខ្លួនឯងទៅវិញ។

មួយវិញទៀត មនុស្សដែលមានអ្នកតាមចែចង់ តាមស្រឡាញ់ ឬចង់បានច្រើន ច្រើនតែអភ័ព្វក្នុងរឿងជីវិតគូ ព្រោះគេឃើញ គេបានត្រឹមតែស្រឡាញ់ តែមិនហ៊ានចូលខ្លួនក្បែរឡើយ ព្រោះថា ការបានដៃគូដែលសម្បូរអ្នកស្រឡាញ់ខ្លាំងពេក ច្រើនតែមិនអាចឋិតថេរ​ មនុស្សបែបនេះ ច្រើនតែមានចិត្តវៀចវេរ រារេ មានដៃគូច្រើន។

៣. សូមកុំឱ្យជួបគ្នាតទៅទៀត

ចំពោះការបួងសួងមួយនេះ វានឹងកើតឡើងនៅពេលដែលយើងមានចិត្តខឹង ស្អប់ ឬចងគំនុំជាមួយនឹងនរណាម្នាក់។ យ៉ាងណាមិញ ការអធិដ្ឋានបែបនេះ វាកើតព្រោះតែកំហឹង និងទោសៈរបស់យើង ដែលជាហេតុធ្វើឱ្យយើងមិនអាចចាកឆ្ងាយពីមនុស្សម្នាក់នោះឡើយ វាស្មើនឹងការចងកម្មពៀរវេរានឹងគ្នាបែបហ្នឹងដែរ ដែលធ្វើឱ្យយើងត្រូវតែជួបនឹងមនុស្សដែលយើងគុំខឹង និងស្អប់នៅក្នុងចិត្តគ្រប់ៗជាតិ។

១

៤​. សូមឱ្យក្លាយជាអ្នកមាន និងសម្រេចគ្រប់ប្រការ

ការបួងសួងបែបនេះ អ្នកណាៗក៏រមែងប្រកាន់ខ្ជាប់ និងសុំឱ្យសម្រេចគ្រប់បំណងប្រាថ្នា។ ជាការពិតណាស់ ដោយហេតុព្រោះតែចង់មានបានខ្លាំងពេក ចង់សម្រេចគ្រប់យ៉ាងខ្លាំងពេក យើងក៏លែងចេះបែងចែកខុសត្រូវ លែងដឹងអាក្រក់ល្អ។

ដោយសារតែកម្លាំងអធិដ្ឋានរបស់យើង បានធ្វើឱ្យគ្រប់យ៉ាងបានក្លាយជាការពិត ទាំងដែលពេលខ្លះ យើងក៏បានធ្វើរឿងខុសឆ្គង ដើរលើផ្លូវមិនត្រឹមត្រូវ ប្រព្រឹត្តទង្វើទុច្ចរិត រកស៊ីខុសច្បាប់ ដើម្បីតែក្លាយជាអ្នកមាន ហើយក៏ហ៊ានធ្វើរឿងមិនល្អផ្សេងៗទៀតជាច្រើន ដើម្បីសម្រេចនូវអ្វីដែលខ្លួនប្រាថ្នាចង់បាន។ ការអធិដ្ឋានបែបនេះ ពិតជាមិនមានផលតបដែលល្អប្រពៃនោះឡើយ វាធ្វើឱ្យប៉ះពាល់ដល់ខ្លួនយើង ក៏ដូចជាមនុស្សក្បែរខ្លូនយើងផងដែរ។

៥. សូមឱ្យសត្រូវ វិនាសអន្តរាយ

ការអធិដ្ឋានបែបនេះ គឺមិនខុសពីការផ្ចាញ់ផ្ចាល ដាក់បណ្ដាសារនោះឡើយ ... ហើយវាក៏ជាការអធិដ្ឋានបែបសាងបាបជាប់នឹងខ្លួនទៅវិញ។ យ៉ាងណាក៏ដោយ ការបួងសួងបែបនេះ វាអាចនឹងត្រឡប់មករកខ្លួនយើងវិញ ឬអាចនឹងកើតលើក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់យើងក៏ថាបានដែរ។

រាល់គំនិតអាក្រក់ ទង្វើមិនល្អទាំងឡាយដែលយើងធ្វើ ឬគិតចំពោះអ្នកដទៃ រមែងវិលមករកម្ចាស់ដើមវិញនៅថ្ងៃណាមួយ ដូច្នេះហើយ សូមគិតល្អ ធ្វើល្អ និយាយល្អ មនុស្សល្អ ទើបទេវតាតាមថែរក្សា មនុស្សល្អ ទើបមានសំណាង ចៀសផុតពីគ្រោះទាំងពួង ... សូមកុំចង់ឱ្យអ្នកដទៃវិនាស ទើបយើងអាចចៀសផុតពីរណ្ដៅនៃសេចក្ដីទុក្ខ ព្រោះតែការជាប់បណ្ដាសារ៕

ប្រភព ៖ You Tube / Knongsrok