កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍នៃការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ក្រោមស្មារតីប្រកួតដ៍ស្វាហាប់ និងតឹងតែងពីសំណាក់អត្តពលិក ២៥៦ រូប មកពី ៦៤ក្រុមជម្រុះគ្នា តាមប្រភេទវិញ្ញាសាផ្សេងៗគ្នាដោយមានការចូលរួមលើកទឹកចិត្តពីអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ ការប្រកួតមានរយៈពេល ១០នាទីក្នុងមួយជុំឬស្មើរនឹង ២១ពិន្ទុ ហើយក្រុមនីមួយៗត្រូវប្រកួត ៣ជុំ ដែលស្មើនឹង ៩៦ប្រកួតទៅតាមលទ្ធផលនៃការចាប់គូ នៅក្នុងកម្មវិធីសន្នីសីទ្ធសារព័ត៌មានកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។
ការប្រកួតរបស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យពិតជាមានជំនាញក្នុងការកាត់បាល់ បញ្ចូនបាល់និងការពារបានយ៉ាងល្អ។ កីឡាករនៃក្រុមនីមួយៗ ព្យាយាមទប់គ្នាទៅវិញទៅមក ដើម្បីដណ្តើមបាល់ និងរកទីតាំងល្អក្នុងការស៊ុតបញ្ជូលបាល់។ ចំណែកក្រុមវិទ្យាល័យវិញ មើលទៅក៏គួរឲ្យរំភើបដូចគ្នាផងដែរ ពួកគេបានដណ្តើមបាល់ និងការពារបាល់ចេញពីការប្រយុទ្ធរបស់ដៃគូ បានយ៉ាងល្អ ហើយអាចបោះបាល់ចូល កន្រ្តកក្នុងរយៈចម្ងាយឆ្ងាយបានយ៉ាងងាយស្រួលដើម្បីទទួលបានពិន្ទុបន្ថែម។ ពេលខ្លះការសុតបាល់មួយគ្រាប់ៗ និង ពិន្ទុប្រកៀកប្រកិតគ្នារវាងគូរប្រកួតនីមួយៗ បានធ្វើឲ្យបេះដូងអ្នកទស្សនាញាប់ញ័រគ្រប់ៗគ្នានឹងពោពេញទៅដោយការស្រែកហូរពីសំណាក់អ្នកគាំទ្រកងរំពងពេញទីលាន ធ្វើអោយបរិយាកាសនៃការប្រកួតពិតជាមានភាពរំភើបរីករាយមែនទែន។ នៅពេលដែលបាល់បានបោះចូលក្នុងកន្រ្តក បានធ្វើឲ្យសម្លេងហោរបស់អ្នកទស្សនាបន្លឺឡើងយ៉ាងខ្លាំង។
ការប្រកួតរបស់ក្រុមមហាជននារី ក៏មិនអន់ជាងបុរសដែរ ក្រោយដណ្តើមបានបាល់ ពួកគេព្យាយាមរត់គេចពីកីឡាការនីផ្សេងទៀតទៅជិតកន្ត្រកដើម្បីស៊ុតបញ្ជូល។ ពិតមែនថាជានារី តែដែលពួកគាត់ បានព្យាយាមបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការប្រកួតដើម្បីបន្តឈានទៅរកជ័យជំនះនៅវគ្គបន្ត ដែលធ្វើឲ្យអ្នកទស្សនាបានទះដៃអបអរសាទរកងរំពងពេញពហុកីឡាដ្ឋាន ទន្ទឹមនឹងការប្រកួតរបស់មហាជនបុរស មានភាពប្រជែងគ្នាខ្លាំងក្លា ចលនានៃការលេងពោរពេញទៅដោយភាពរហ័សរហួននឹង សាមគ្គី និងភាពឆ្លាតវៃក្នុងការគ្រប់គ្រងការប្រកួត ខ្លាំងណាស់ នេះការប្រកួតប្រជែងដ៏ខ្លាំងក្លា មិនថាក្រុមណានោះទេ គ្រប់ការប្រកួតគ្រប់វិញ្ញាសាតែងតែផ្ទុះសម្លេងហ៊ូកញ្ជ្រៀវជានិច្ចរាល់គ្រាប់បាល់ដែលបានស៊ុតបញ្ចូល។
ជាលទ្ធផលនៃការប្រកួតជម្រុះនេះ មានតែ ៨ ក្រុមប៉ុណ្ណោះនៃវិញ្ញាសានីមួយ នឹងត្រូវប្រកួតគ្នាបន្ត ដែលអាចឡើងទៅវគ្គបន្ត ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃវិញ្ញាសានីមួយៗ ហើយការប្រកួតនិង បន្តទៅក្រុមឈ្នះទាំង ៤ក្រុមនឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់មកក្រុមឈ្នះទាំង២ នឹងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកជើងឯក និងជើងឯករង ចំណែកក្រុមដែលចាញ់ទាំងពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣ផងដែរនៃវិញ្ញាសានិមួយៗ។
ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨ព្រឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
សូមមើលតារាងជើងខ្លាំង៨ក្រុមនៃវិញ្ញាសានីមួយៗ ជាប់ក្រោយបន្ទាប់ពីការប្រកួតវគ្គជម្រុះក្នុងពូល
ជើងឯកលើវិញ្ញាសាទាំង ៤កម្រិត (ឧត្តមសិក្សា មធ្យមសិក្សា មហាជនបុរស មហាជននារី) នឹងទទួលបាន៖
• ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់រង្វាន់ ១.៥០០.០០០ រៀល អមដោយមេដាយកិត្តិយស និងពានផងដែរ
• ចំណាត់ថ្នាក់លេខ ២ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០ រៀល អមដោយមេដាយកិត្តិយស
• ចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ ៦០០.០០០ រៀល អមដោយមេដាយកិត្តិយស
ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ទទួលបានកិច្ចសហការផ្នែកបច្ចេកទេសពីសហព័ន្ធកីឡាបាល់បោះកម្ពុជា (CBF) និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា។ ទន្ទឹមនេះដែរ ក៏មានការចូលរួមគាំទ្រពីបណ្តាក្រុមហ៊ុនធំៗចំនួន ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការប្រកួតនេះអោយប្រព្រឹត្តឡើង។
ក្នុងនោះមានដូចជា មន្ទីរពហុព្យាបាល ហុង អិន, ក្រុមហ៊ុន Lanton Cloud ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ឡានម៉ីអ៊ែរឡាញ ,ក្រុមហ៊ុន GoodToGo, Oakwood Premier Phnom Penh ក្រុមហ៊ុនរៀបចំកម្មវិធី Miss Ann មន្ទីរព្យាបាលភ្នែកហូសេង ក្លឹបហាត់ប្រាណ ណូបែល និងភោជនីយដ្ឋានអាហារជប៉ុន ធានអ៊ី។
ក្រៅពីការចាប់អាម្មណ៍មកទស្សនាដោយផ្ទាល់ពីអ្នកគាំទ្រពិសេស យុវវ័យ និងអ្នកស្នេហាកីឡាបាល់បោះជាច្រើននាក់ ក៏មានការអញ្ជើញដោយផ្ទាល់ពី លោកជា សុធារ៉ា អភិបាលខណ្ឌរងនៃគណៈអភិបាលខណ្ឌ៧មករាលោក Austin អគ្គលេខាធិការនៃសហព័ន្ធបាល់បោះកម្ពុជា និងលោកតាំង ពីងជាំង TONY អគ្គនាយកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។