របៀបរស់នៅដើម្បីឱ្យមានសុខភាពល្អ អាយុវែង ជាកត្តាសំខាន់ដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចប្បន្ន។ លើសពីនេះ បន្ថែមពីលើការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ ក៏នៅមានកិច្ចការជាច្រើនទៀតដែលយើងអាចធ្វើបានជារៀងរាល់ថ្ងៃ ដើម្បីពន្យារអាយុជីវិត។
ថ្ងៃនេះ "ក្នុងស្រុក" សូមណែនាំនូវទម្លាប់ល្អ ៥ យ៉ាង ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ មិនត្រឹមតែមានសុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែផ្លូវចិត្តក៏មានសេចក្តីសុខ និងស្រស់ស្រាយផងដែរ។
១.គេងឱ្យបានគ្រប់គ្រាន់
បច្ចប្បន្ននេះ សម្គាល់ឃើញថា មនុស្សជាច្រើនតែងមានបញ្ហាដំណេកដូចជា ពិបាកដេកលក់ គេងមិនលក់ ឬចូលគេងយឺតពេល ដោយសូម្បីតែមនុស្សវ័យក្មេងក៏អាចមានបញ្ហានេះដែរ។ ប្រសិនបើការគេងមិនបានត្រឹមត្រូវទេ មនុស្សងាយនឹងមានបញ្ហាសុខភាពណាស់ ដោយសារការគេងមិនបានគ្រប់គ្រាន់នឹងពន្យឺតដំណើរការរំលាយអាហារ ការបន្សាបជាតិពុលក្នុងរាងកាយ រហូតបង្កឱ្យមានជំងឺជាច្រើន និងកាត់បន្ថយអាយុសង្ឃឹមរស់ទៀតផង។
ដូច្នោះ ដើម្បីបង្កើនគុណភាពនៃការគេង អ្នកអាចផឹកទឹកដោះគោក្តៅ ត្រាំជើង ម៉ាស្សាជើង ហើយត្រូវប្រាកដថា គេងឱ្យបាន ៧-៨ ម៉ោងក្នុងមួយថ្ងៃ។
២.ជៀសវាងការអង្គុយយូរ
ដោយសារតែធម្មជាតិនៃការងារ មនុស្សជាច្រើនត្រូវអង្គុយនៅមុខអេក្រង់កុំព្យូទ័ររយៈពេលយូរ ដែលទម្លាប់នេះមិនត្រឹមតែប៉ះពាល់ដល់សន្លាក់ ឆ្អឹងខ្នង ឆ្អឹងកងមាត់ស្បូនប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសរីរាង្គខាងក្នុងទៀតផង។
៣.កាត់បន្ថយការទទួលទានកាឡូរី និងជាតិខ្លាញ់
អាហារដែលមានកាឡូរី និងខ្លាញ់ច្រើនដូចជា នំខេក អាហារចៀន ពិតជាមិនល្អសម្រាប់សុខភាពឡើយ ។ ពួកវាអាចមានរសជាតិទាក់ទាញ ប៉ុន្តែការទទួលទានជាប្រចាំនឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង សរសៃឈាម ជាតិស្ករក្នុងឈាម។
អ្នកត្រូវដឹងថា ការគ្រប់គ្រងល្អនៃបរិមាណកាឡូរី និងជាតិខ្លាញ់ដែលទទួលទានជារៀងរាល់ថ្ងៃ នឹងជួយអ្នកឱ្យជៀសផុតពីហានិភ័យនៃជំងឺមេតាបូលីស ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល ជំងឺលើសឈាម និងជំងឺជាច្រើនទៀតព្រមទាំងជួយឱ្យអាយុវែង។
៤.ការរត់
ការរត់គឺជាទម្រង់នៃការហាត់ប្រាណមួយដែរ ដែលសាកសមសម្រាប់មនុស្សគ្រប់វ័យ មិនកំណត់ពេលវេលា ទីកន្លែង ទាំងបុរស និងស្ត្រីអាចហាត់បានដូចគ្នា។ យ៉ាងណាមិញ ការរត់ហាត់ប្រាណ ២០ នាទីក្នុងមួយថ្ងៃ រាងកាយអ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដែលមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងមុខងារបេះដូង សួត ឆ្អឹង និងសន្លាក់កាន់តែមានសុខភាព។
៥.ច្រៀង
ជាការពិត ការច្រៀងអាចជួយឱ្យអ្នកមានអាយុវែង ព្រោះអំឡុងពេលច្រៀងជួយបង្កើនសមត្ថភាពសួត និងបង្កើនការងាររបស់បេះដូង។ ការចល័តបេះដូង និងសួត តាមរយៈការច្រៀង គឺជារឿងសាមញ្ញមួយ ដែលគ្រប់គ្នាអាចធ្វើបាន។
ប្រភព៖ បរទេស