ក្នុងសណ្ដាប់អាពាហ៍ពិពាហ៍ខ្មែរ ពេញច្បាប់ក្បួនខ្មែរមានច្រើនបែបច្រើនសណ្ឋានណាស់ ដោយកាលពីចាស់ដើមមានរៀបចំកម្មវិធីដល់ទៅ៣ ថ្ងៃ រួចសង្ខេបត្រឹម ២ ថ្ងៃ ឬ ១ថ្ងៃកន្លះជាដើម។ តែយ៉ាងណាមិញ ពិធីដែលនាំឱ្យកូនប្រុសកូនស្រីក្លាយជាប្ដីប្រពន្ធ គឺនៅពេលផ្ទឹម ដោយកិច្ចមង្គលទាំងអស់បញ្ចប់ត្រឹមផ្ទឹម បង្វិល ពពិល សែនចងដៃនេះដែលជាកិច្ចមង្គលធំ។ មេបា ទាំងនៅរស់ និងមេបាដែលជាអមនុស្សទទួលស្គាល់ថាកូនប្រុសកូនស្រី ជាប្ដីប្រពន្ធពីត្រឹមណេះ។
កូនប្រុសត្រូវហែវត្ថុមង្គល គឺផ្កាស្លាបី អង្ករជ័យ ពពិល និងប្រាក់ស្នាប់ទឹកដោះឡើងទៅផ្ទះលោកមេបាដើម្បីសុំកូនស្រីលោកមេបាចេញមកផ្ទឹម (ហេតុនេះទើបកូនប្រុសត្រូវសែនក្បាលជណ្ដើរ សុំឡើងទៅដើម្បីក្លាយជាសមាជិកក្នុងផ្ទះ ហើយម្ចាស់ផ្ទះលាងជើងកូនប្រុសដើម្បីជម្រះមន្ទិលទាំងពួង និងស្វាគមន៍មកជាអ្នកផ្ទះខ្លួនដែរ) ។
តែនៅក្នុងករណី គូស្នេហ៍ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាតថវិការៀបចំកម្មវិធីពេញលេញតាមក្បួនច្បាប់ ឬបើស្រុកទេសមានទុរ្ភិក្ស ឬចម្បាំងរាំងជល ឬប្រការឯណាដែលមិនអាចរៀបអាពាហ៍ពិពាហ៍ពេញខ្នាតបាន ចាស់ៗឱ្យរៀបចំកម្មវិធីមួយដែលអាចឱ្យកូនប្រុសស្រីមានឈ្មោះពេញលេញជាប្តីប្រពន្ធត្រូវតាមទំនៀមច្បាប់បុរាណខ្មែរ ថែមទាំងទទួលស្គាល់ពីមេបាចាស់ដែលនៅរស់ និងមេបាដែលជាអមនុស្សបាន។
កម្មវិធីនោះគឺ ឱ្យចងផ្កាស្លាបី លើកសំពះគុណមេបា មានបាយសម្ល និងបង្អែមពីរស្ពក ផ្លែឈើមួយគូ ម្លូស្លា សែនជម្រាបមេបាទាំងសង្ខាងឲ្យលោកទទួលស្គាល់ នោះកូនប្រុស កូនស្រីបានឈ្មោះថាសម្រេចជាប្តីប្រពន្ធតាមទម្រង់ការព្រះជ័យចេស្ដាស្រេចបាច់តាមប្រពៃណីខ្មែរ។
ការរៀបចំពពិល៖ គ្រឿងមង្គលសម្រាប់អាពាហ៍ពិពាហ៍ខ្មែរ ស្រាពក៍ទឹកសំបួរអប់ដោយសំបួរមាសសម្រាប់ប្រោះព្រំ និងបិតទៀនពេលា, ផ្តិលអង្ករជ័យ ពពិល ម្លូលត់ពពិល, ហិបរងស្លៀកសូត្រមួយគូ, ស្លាពាន់, តៀបបាយព្រះលឹង, សំពត់អាវឆ្វេងស្ដាំ, ផ្លាស្លាបី, ត្រួយបី (ត្រួយគឺម្លូដែលមូរនឹងផ្កាស្លាមួយទងដាក់លើខ្នើយសម្រាប់កូនកម្លោះហូតដៃ)។
បើទោះបីវាជាជាប្រពៃណី និងអប្បិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមកពិតមែន តែវាជាពិធីដើម្បីឱ្យកូនចៅប្រុសស្រីមានសិរីសួស្ដី។ ដូច្នេះ ជឿ ឬមិនជឿ គប្បីកុំប្រមាថ ព្រោះនេះជាជំនឿរបស់ប្រជាជនខ្មែរមានអាយុកាលជាយូរលង់ណាស់មកហើយ៕
ដកស្រង់ពី៖ "កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ" របស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ /ពពិល-Popil Event Stylist
កែសម្រួលដោយ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក