កីឡដ្ឋាន Shah Alam ដែលមានទីតាំងនៅប្រទេសម៉ាឡេស៊ី ត្រូវបានកម្ទេចចោល ដើម្បីសាងសង់កីឡដ្ឋានថ្មីក្នុងសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយវីដេអូនៃការវាយកម្ទេចនោះ ដែលបានសាយភាយយ៉ាងឆាប់រហ័សលើបណ្តាញសង្គម។
កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពី 30 ឆ្នាំមុន ធ្លាប់ជាកីឡដ្ឋានដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 80,000 នាក់ ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានរចនាសម្ព័ន្ធនៅត្រឹមត្រូវឆ្នាំ 2020។
រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងសាងសង់កីឡដ្ឋានពហុគោលបំណងថ្មីមួយនៅលើទីតាំងនេះក្នុងរយៈពេលមួយឆ្នាំ ដោយសង់តូចជាមុន ថយចុះចំនួនអ្នកទស្សនាមកត្រឹមតែ 45,000 នាក់ដោយចំណាយអស់ 787 លាន RM (123 លានផោន) ។ ការសាងសង់កីឡដ្ឋាន Shah Alam ដើមបានចាប់ផ្តើមនៅថ្ងៃទី 1 ខែមករា ឆ្នាំ 1990 ហើយវាត្រូវបានបើកជាផ្លូវការនៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 1994។ វាបានបម្រើការជាកីឡដ្ឋានសម្រាប់ក្រុមជម្រើសជាតិពេញមួយជីវិតរបស់វា។
នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2008 ការប្រកួតមិត្តភាពមួយត្រូវបានធ្វើឡើងរវាងក្រុម Malaysia All Starsនិង Chelsea ដែលកាលនោះតោខៀវឈ្នះ 2-0 ស៊ុតបញ្ចូលទីដោយកីឡាករ Nicolas Anelka និង Ashley Cole ។ លើសពីនេះ នៅថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2011 Arsenal លេងជាមួយ Malaysia XI ដែលជាផ្នែកមួយនៃ Asia Tour របស់ពួកគេ ខណៈដែល Tottenham បានធ្វើដំណើរទៅទីនោះដូចកាលពីឆ្នាំ 2015 ។
អស់រយៈពេលជាង 25 ឆ្នាំមកហើយ កីឡដ្ឋាននេះបានបម្រើការជាផ្ទះរបស់ក្រុមបាល់ទាត់ Selangor FA ដែលត្រូវបានគេស្គាល់ថាជា "យក្សក្រហម" ។ វាជាកន្លែងដែលអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ី បានឃើញជ័យជម្នះ និងការបរាជ័យរាប់មិនអស់ ក្នុងនាមជាម្ចាស់ផ្ទះជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ីដែលបានបន្សល់ទុកកេរ្តិ៍ឈ្មោះរបស់ពួកគេនៅលើទីលាន។ លើសពីនេះ កីឡដ្ឋានគឺជាកន្លែងសំខាន់ក្នុងអំឡុងព្រឹត្តិការណ៍ FIFA World Youth Championship ឆ្នាំ 1997 ដែលជាការប្រកួតលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងនៅអាស៊ីអាគ្នេយ៍ ដោយបានពង្រឹងឋានៈរបស់ខ្លួនជានិមិត្តរូបនៃកីឡាក្នុងតំបន់។
សូមមើលវីដេអូខាងក្រោម៖
The famous Shah Alam stadium, which held up to 80,000 people, was epically blown up in Malaysia
One of the largest stadiums in the world recognized as emergency in 2020. It was ordered to be demolished.
Complete dismantling will be completed next year. pic.twitter.com/8V7WipeZZC
— NEXTA (@nexta_tv) September 25, 2024
អស់ជាច្រើនឆ្នាំកន្លងមកនេះ កីឡដ្ឋាន Shah Alam ក៏ជាកន្លែងសម្រាប់ការប្រគុំតន្ត្រីល្បីៗ ដែលមានការសម្តែងដោយក្រុមតន្រ្តីអន្តរជាតិ និងសិល្បករ ដែលបានរួមចំណែកដល់ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងការចងចាំដ៏អាឡោះអាល័យសម្រាប់អ្នករស់នៅរដ្ឋ Selangor និងប្រទេសម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ ពេលវេលាបានធ្វើឱ្យខូចទ្រង់ទ្រាយរបស់វា ហើយកីឡដ្ឋានបានចាប់ផ្តើមបង្ហាញសញ្ញានៃភាពយ៉ាប់យ៉ឺន ដែលជំរុញឱ្យអាជ្ញាធរមានការសម្រេចចិត្តដ៏លំបាកក្នុងការរុះរើវាចេញ ដើម្បីបើកផ្លូវសម្រាប់អគារកីឡាទំនើបថ្មីមួយ។ ការរុះរើបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ 2024 ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ 2025 ដោយអគារកីឡាថ្មីត្រូវបានគេរំពឹងថានឹងរួចរាល់នៅឆ្នាំ 2029 ក្នុងគោលបំណងបន្តកេរ្តិ៍ដំណែលកីឡានៅក្នុងតំបន់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក