ទីសក្ការៈអ្នកតាព្រះចៅ ដែលមានទីតាំងនៅលើវត្តភ្នំ ដែលជាបូជីយដ្ឋានរបស់ប្រទេសកម្ពុជា និងមានប្រវត្តិដ៏យូរលង់នៃការសាងសង់ទីក្រុងភ្នំពេញនោះ ត្រូវបានប្រជាជនខ្មែរគោរពបូជាមិនដែលអាក់ខានរាល់ពេលទៅទស្សនាវត្តភ្នំ ជាពិសេសគឺជាកន្លែងដ៏ល្បីសម្រាប់កាត់ឆុងសម្រាប់អ្នកមានស្រឡាយ ឬជំនឿបែបចិនផងដែរ ដែលធ្វើឱ្យគ្រប់គ្នាយល់ថា អ្នកតាព្រះចៅ គឺជាអ្នកតាបែបចិន។
តែបើយោងតាមរូបថតកាលពីកំឡុងចុងសតវត្សទី១៩ បានបង្ហាញថា សំណង់ទីសក្ការៈអ្នកតាព្រះចៅ កាលពីមុនស្ថិតនៅក្នុងភាពស្រឡះ និងមានលក្ខណៈជាខ្មែរនៅឡើយ។ តាមរយៈរូបភាពយើងកត់សម្គាល់ឃើញថានៅផ្នែកខាងក្នុងមានតម្កល់នូវទេវរូប ដែលតាមរឿងព្រេងនិទាន គឺជាទេវរូប ដែលសាងពីថ្ម ព្រះហស្ថមានកាន់ ដំបង និងស័ង្ខ ដែលអាចអោយយើងសន្និដ្ឋានបានថា ទេវរូបនេះគឺជាទេវរូប ព្រះវិស្ណុ ដែលជាទេពរក្សាលោក ។
ប៉ុន្តែបច្ចុប្បន្នយើងពុំបានដឹងទេថា ទេវរូបដើម នៃអ្នកតាព្រះចៅនេះស្ថិតនៅទីណានោះទេ ឬក៏ទេវរូបនេះត្រូវបានបាត់បង់នៅពេលវេលាណាទេ។ ដោយបច្ចុប្បន្នយើងនៅឃើញមានតែ បដិមាបែបចិន ដែលសាងក្នុងរចនាបថមិនប្រាកដតែប៉ុណ្ណោះ៕
ដកស្រង់ប្រភពពី៖ បុរាណាចារ្យ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក