មិនថាស្ថិតក្នុងទំនាក់ទំនងណានោះទេ ស្នេហាក៏ដោយ មិត្តភាពក៏ដោយ ឬការធ្វើការងារ រកស៊ីក៏ដោយ ប្រសិនបើអ្នកមានកូនសោរទាំង៣នេះនោក្នុងដៃ នោះអ្នកក៏មិនខ្លាចនឹងហានិភ័យ ឬកើតទុក្ខឈឺចាប់ព្រោះតែទំនាក់ទំនងដែលមិនច្បាស់លាស់នោះឡើយ។ កូនសោរទាំង៣ខាងក្រោមនេះ វានឹងជួយឱ្យអ្នកធូរស្រាលនៅក្នុងចិត្ត ជីវិតក៏បានល្អប្រសើរ គ្មានទុក្ខ គ្មានសម្ពាធនោះដែរ។
១. កូនសោរទី១ ៖ ទទួលយក
គ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតនេះ មានរឿងច្រើនណាស់ដែលយើងស្មានមិនដល់ រឿងខ្លះក៏សមបំណង រឿងខ្លះក៏មិនបានដូចចិត្ត ដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវប្រាប់ខ្លួនឯងឱ្យចេះត្រៀមកាយ ត្រៀមចិត្ត ហើយទទួលយករឿងដែលបានកើតឡើងនោះទៅ។
នៅពេលដែលយើងមានត្រៀមចិត្ត បើកចិត្តទទួលយកបានហើយនោះ ទោះមានរឿងអ្វីក៏លែងជាបញ្ហាសម្រាប់យើងដែរ រឿងតូចរឿងធំ គឺសុទ្ធតែនៅក្រោមការគិត និងការដោះស្រាយរបស់យើង ព្រោះយើងរឹងមាំ ជាបញ្ហាដែលកើតឡើង។ ការទទួលយក គឺជារឿងដែលល្អបំផុតសម្រាប់អ្នក ចំពោះបញ្ហា នកងរឿងរ៉ាវគ្រប់បែបយ៉ាងនៅក្នុងជីវិតនេះ។
២. កូនសោរទី២ ៖ កែប្រែ
រឿងល្អដែលបានកើតឡើង គឺជាកាដូដ៏មានតម្លៃ ហើយក៏ជាការចងចាំដ៏វិសេសវិសាលផងដែរ។ ប៉ុន្តែ ចំពោះរឿងដែលមិនសមបំណង រឿងដែលមិនល្អបានកើតឡើង វាគឺជាមេរៀន ជាបទពិសោធន៍ដ៏ល្អសម្រាប់ជីវិតយើងខ្លួនឯង។
មិនថារឿងអាក្រក់ប៉ុនណានោះទេ អ្វីដែលយើងត្រូវធ្វើបន្ទាប់ពីការទទួលយកនោះគឺ កែប្រែគ្រប់យ៉ាងឱ្យបានល្អ កែប្រែអ្វីដែលអាក្រកឱ្យប្រែទៅជាប្រសើរឡើងមកវិញ។ គេមិនខ្លាចមនុស្សដែលធ្វើខុសនោះទេ សំខាន់ឱ្យតែចេះកែប្រែ ចេះផ្លាស់ប្ដូរឱ្យគ្រប់យ៉ាងកាន់តែល្អ។
៣. កូនសោរទី៣ ៖ ចាកចេញ
កូនសោរចុងក្រោយដែលយើងត្រូវធ្វើចំពោះរឿងដែលបានកើតឡើង ក្រៅពីទទួលយក បើមានរឿងដែលទទួលយកមិនបានទេ យើងត្រូវតែចេះកែប្រែ ហើយប្រសិនបើរឿងដែលកែប្រែមិនបានទេ ក៏ចាកចេញទៅ ដើរចេញជារឿងល្អបំផុត។
មានរឿងខ្លះវាមិនសមឱ្យយើងទទួលយកនោះឡើយ ហើយក៏មានរឿងខ្លះ គ្មានផ្លូវនឹងអាចកែប្រែបាននោះដែរ។ ប៉ុន្តែយើងក៏មានជម្រើសចុងក្រោយបង្អស់ដើម្បីដោះស្រាយបញ្ហា ជម្រើសដែលឱ្យយើងលែងមានសម្ពាធ នោះគឺ ដើរចេញ ចាកចេញឱ្យឆ្ងាយ មានតែវិធីនេះទេ ដែលអាចដោះលែងខ្លួនឯងបាន ...៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក