ជាការពិតណាស់ មនុស្សយើងម្នាក់ៗ រមែងត្អូញត្អែរអំពីជីវិត ដែលកើតមានបញ្ហាមិនចេះចប់មិនចេះហើយ ក៏មានមនុស្សខ្លះ តែងតែស្ដីបន្ទោសអ្នកដទៃ ស្ដីបន្ទោសព្រហ្មលិខិត រវល់តែគិតនឹងស្ដីបន្ទោសមនុស្សជុំវិញខ្លួន តែមនុស្សតិចណាស់ ដែលស្វែងរកហេតុដែលនាំឱ្យកើតទុក្ខ និងមានបញ្ហាកើតឡើង។
រាល់បញ្ហារបស់មនុស្ស កើតចេញពីហេតុ៤យ៉ាង ហើយហេតុទាំង៤នេះ គឺកើតចេញពីមនុស្សខ្លួនឯង ដែលមានចិត្ត មានគំនិត ប្រកាន់ខ្ជាប់ និងបង្កើតឡើងទៅជាបញ្ហាចាបន្តបន្ទាប់។
១. មិនអាចកាត់ចិត្ត
ដើមហេតុមួយ ក្នុងចំណោម៤ ដែលនាំឱ្យមនុស្សតែងជួបបញ្ហា នោះគឺ «មិនអាចកាត់ចិត្ត» មនុស្សភាគច្រើន រមែងគិតខ្វល់ដល់រឿងដែលកើតឡើង គិតដល់អតីតកាលដែលបានកន្លងផុតទៅហើយ តែមិនព្រមកាត់ចិត្តបំភ្លេច មិនព្រមបើកចិត្តទទួលយក និងប្រឈមមុខជាមួយនឹងការពិតនោះឡើយ។
នៅពេលដែលជួបប្រទះនូវបញ្ហាមួយចំនួន មនុស្សយើងនៅតែប្រកាន់គំនិតគិតខ្វល់មិនលែង មិនព្រមកាត់ចិត្ត មិនព្រមព្រលែងចោលទេ ដោយហេតុនេះហើយ ទើបធ្វើឱ្យបញ្ហាកើតមានតាមពីក្រោយ ហើយបញ្ហាទាំងនោះហើយ ដែលធ្វើឱ្យមនុស្សយើងនៅតែកើតទុក្ខ បាត់បង់ក្ដីសុខក្នុងជីវិតខ្លួនឯង។
២. មិនអាចអត់ឱន
ហេតុទី២ ដែលធ្វើឱ្យមនុស្សមានបញ្ហានោះគឺ «ភាពមិនចេះអត់ឱប» ត្រូវចាំថា ប្រសិនបើអ្នកនៅតែប្រកាន់ចិត្តគំនិត ខឹង គុំ ចងជាគំនុំនឹងមនុស្សដែលបានធ្វើខុសលើខ្លួន មិនព្រមបើកចិត្តឱ្យទូលាយ មិនព្រមអភ័យ មិនព្រមអត់ឱនឱ្យកំហុសឆ្គង មិនព្រមអត់ទោសឱ្យមនុស្សដែលបានធ្វើខុស នោះហើយជាបញ្ហា។
បញ្ហាភាគច្រើន គឺកើតចេញពីចិត្តកំណាញ់ ចងគំនុំ ពុំព្រមអត់ឱន នៅតែគុំខឹង គ្មានចិត្តមេត្តា នោះហើយ ជាសេចក្ដីទុក្ខពេញមួយជីវិត វាជាបញ្ហាធ្វើឱ្យយើងខ្លួនឯង ក្លាយជាមនុស្សមានតែកំហឹង និងគំនុំនៅក្នុងខ្លួនតែប៉ុណ្ណោះ។ ភាពមិនចេះអត់ឱន នឹងក្លាយជាដុំភ្លើង ដុតខ្លួនឯងទៅវិញទេ។
៣. មិនអាចដោះស្រាយ
តាមពិតទៅ បញ្ហារបស់មនុស្ស មិនមែនបញ្ហាតេ គឺស្ថិតនៅលើមនុស្ស ដែលជួបបញ្ហា តែមិនព្រមដោះស្រាយ។ មិនថាជីវិតជួបបញ្ហា ការលំបាក ឬឧបសគ្គយ៉ាងណាទេ គឺសុទ្ធតែមានផ្លូវចេញ ឱ្យតែយើងព្រមប្រឈមមុខ ហើយដោះស្រាយរាល់បញ្ហាអស់ទាំងនោះ។
ផ្ទុយទៅវិញ បើជួបបញ្ហា ការលំបាក តែបែរជាគេចវេះ មិនព្រមដោះស្រាយ នោះបញ្ហា នឹងកើនឡើងកាន់តែខ្លាំង បញ្ហាកាន់តែធំ រឹតតែពិបាកនឹងដោះស្រាយ ដូច្នេះហើយ ដែលធ្វើឱ្យជីវិតនេះកាន់តែជាប់ជំពាក់នឹងបញ្ហា គ្មានផ្លូវអាចដោះស្រាយបានឡើយ។ ត្រូវចាំថា ចង់ដោះស្រាយបញ្ហា ចង់ឱ្យជីវិតផុតពីបញ្ហា លុះត្រាតែយើងព្រមព្រមមុខនឹងបញ្ហា ហើយដោះស្រាយបញ្ហាទាំងនោះ ដោយគំនិត បញ្ញា ស្មារតីដ៏មានតម្លៃរបស់យើង។
៤. មិនអាចបំភ្លេច
មនុស្សយើងចូលចិត្តណាស់ «រឿងល្អមិនសូវចងចាំទេ តែបើរឿងអាក្រក់វិញ ដាំទុកក្នុងខួរក្បាល មិនព្រមបំភ្លេចឡើយ» ព្រោះតែហេតុនេះហើយ ដែលធ្វើឱ្យខ្លួនឯងកាន់តែមានបញ្ហាមិនចេះចប់ ព្រោះតែការគិតរឿងមិនល្អ គិតតែរឿងអវិជ្ជមាន ដូច្នេះ ក៏មានតែរឿងមិនល្អកើតឡើង បង្កើតទៅជាបញ្ហាហ៊ុំព័ទ្ធជីវិតខ្លួនឯង។
មានបញ្ហាជាច្រើន ដែលយើងគួរតែទម្លាក់ចុះ បំភ្លេចចោល ហើយក៏ព្រលែងដៃខ្លះទៅ ព្រោះថា ការដែលយើងចងចាំច្រើនពេក មានតែនាំទុក្ខ សាងបញ្ហាឱ្យខ្លួនឯតែប៉ុណ្ណោះ។ ខួរក្បាល ជាកន្លែងផ្ទុកការចងចាំ តែត្រូវចាំថា កុំយកខួរក្បាលទៅផ្ទុករឿងមិនល្អ ព្រោះខួរក្បាលយើងមិនមែនជាធុងសំរាមទេ កុំចងចាំបញ្ហាច្រើនពេក៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក