ទឹកអង្ករមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការលាងសម្អាតវត្ថុដែលមានស្នាមប្រឡាក់នៅក្នុងផ្ទះបាយជាប្រចាំ។ ខាងក្រោមនេះជា គុណសម្បត្តិ ៥ យ៉ាងដែលទទួលបានពីទឹកអង្ករ។
បោកខោអាវ និងកន្សែង
សម្លៀកបំពាក់មានស្នាមប្រឡាក់ អ្នកអាចត្រាំក្នុងទឹកអង្ករប្រហែល ១០ នាទី រួចលាងជាមួយសាប៊ូដូចធម្មតា។ នេះនឹងធ្វើឱ្យស្នាមប្រឡាក់បាត់ទាំងស្រុង។ ចំពោះកន្សែងដែលមានក្លិនស្អុយ អ្នកអាចធ្វើដូចគ្នាដោយគ្រាន់តែត្រាំក្នុងទឹកលាងអង្ករប្រហែល ១០ នាទី រួចលាងជាមួយសាប៊ូ និងទឹកស្អាត នោះកន្សែងនឹងមានក្លិនស្រស់ថ្លា ភ្លឺដូចថ្មី។
ប្រើសម្រាប់លាងដំឡូងមី
ដំឡុងមីពេលដែលអ្នកបកសំបកចេញតែងតែលេចចេញស្នាមជាំ ដូច្នោះដើម្បីជំនះគុណវិបត្តិនេះ បន្ទាប់ពីបករួច សូមត្រាំដំឡូងមីក្នុងទឹកអង្កររយៈពេល ១-២ ម៉ោង ដើម្បីជួយឱ្យដំឡូងមីប្រែពណ៌មកភ្លឺវិញ។
មានសមត្ថភាពកម្ចាត់ជាតិពុល
អ្នកអាចប្រើទឹកអង្ករលាងបន្លែ និងសាច់បាន ដោយសារអាហារដែលបានទិញពីទីផ្សារអាចមានថ្នាំសម្លាប់សត្វល្អិត និងភ្នាក់ងារលូតលាស់ច្រើន។ ដូច្នេះ ការត្រាំបន្លែ និងសាច់ក្នុងទឹកអង្ករ លាយជាមួយអំបិលបន្តិច រួចលាងជម្រះដោយទឹកស្អាត នឹងជួយកម្ចាត់ជាតិពុលទាំងនេះបានមួយផ្នែកដែរ។
កាត់បន្ថយជាតិពុលរបស់ពន្លកឬស្សីស្រស់
ពន្លកឬស្សីស្រស់មានផ្ទុកសារធាតុ Cyanide ។ ប្រសិនបើអ្នកទទួលទានច្រើនពេក នឹងនាំឱ្យមានការពុលភ្លាមៗ។ ដើម្បីបន្សាបជាតិពុល ត្រូវដាក់ពន្លកឬស្សីស្រស់ក្នុងទឹកដាំពុះប្រហែល ២-៣ ដង ជាមួយទឹកអង្ករ។ ក្នុងកំឡុងពេលស្ងោរ ពន្លកឬស្សីនឹងត្រូវបន្សាបជាតិពុលទាំងស្រុង ហើយអ្នកអាចញ៉ាំដោយសុវត្តិភាព។
ប្រើសម្រាប់សម្អាតខ្យង
មានវិធីជាច្រើនដើម្បីលាងសម្អាតខ្យង ការត្រាំខ្យងជាមួយនឹងទឹកអង្ករ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ។ អ្នកគ្រាន់តែចាក់ទឹកលាងអង្ករត្រាំរយៈពេល ១-២ ម៉ោង ខ្យងនឹងបញ្ចេញភក់ទាំងអស់ដោយស្វ័យប្រវត្តិ។
ប្រភព៖ បរទេស