ទុក្ខទាំងអស់របស់បុគ្គលភាគច្រើន កើតឡើងដោយកង្វល់ក្នុងចិត្ត។ អ្នកប្រាជ្ញរស់នៅដោយមិនមានការរំខានពីវត្ថុ ឬបរិដ្ឋានខាងក្រៅឡើយ ពួកគេតែងតែរក្សាចិត្តឱ្យសាមញ្ញ ដូច្នេះពិភពលោករបស់ពួកគេក៏មានសន្តិភាព និងស្ងប់សុខផងដែរ។
មានសុភាសិតមួយឃ្លាបានពោលថា « នៅពេលដែលយើងមានអារម្មណ៍រីករាយពីការមើលផ្កា ឬរីករាយនឹងអាហារណាមួយនោះ វាមិនមែនដោយសារតែផ្ការីកយ៉ាងស្រស់ស្អាត ឬអាហារសមនឹងរសជាតិរបស់យើងទេ ប៉ុន្តែព្រោះតែភាពជាម្ចាស់។ ភាពទន់ខ្សោយ គឺដោយសារតែមិនមានការព្រួយបារម្ភនៅក្នុងចិត្តរបស់យើង។
សម្រាប់បុគ្គលដែលមានបញ្ញាវិញ ក្នុងជីវិតគេនឹងមិនជាប់ចិត្ត មិនចងគំនិត មិនគិតច្រើនក្នុងរឿងទាំង ៥ ចំណុចខាងក្រោមនេះជាដាច់ខាត។
១. មនុស្សឆ្លាត មិនខ្វល់ពីអាយុទេ
តើមនុស្សនៅអាយុប៉ុន្មានដែលស្អាតជាងគេ? ២០ឆ្នាំ ៣០ឆ្នាំ ឬ៤០ឆ្នាំ? សម្រាប់មនុស្សម្នាក់ៗ ពេលវេលាដ៏ល្អបំផុតដែលរក្សាទុកក្នុងការចងចាំរបស់ពួកគេ ប្រហែលជាខុសគ្នា។ ប៉ុន្តែសម្រាប់បញ្ញវន្តវិញ គេមិនគិតខ្វល់រឿងអាយុច្រើនទេ។ មនុស្សបែបនេះ ស្រលាញ់បច្ចុប្បន្ន ធ្វើអ្វីដែលខ្លួនចង់ធ្វើក្នុងបច្ចុប្បន្នកាល ដោយមិនខ្វល់ពីភាពចាស់ទៅអនាគត ឬបណ្តោយឱ្យសមត្ថភាពរបស់ពួកគេមានកម្រិត ទៅតាមអាយុនោះឡើយ។
មានពាក្យចាស់ពោលថា “ចិត្តជាម្ចាស់នៃកាយ”។ ដូច្នេះហើយ មនុស្សដែលមិនគិតពីអាយុ នឹងមានដួងព្រលឹងនៅតែក្មេងជាងវ័យ។ ពួកគេដោះស្រាយជាមួយពិភពខាងក្រៅ វត្ថុ និងជីវិត ដោយអាកប្បកិរិយារីករាយ និងសេចក្តីស្រឡាញ់ពេញលេញ ដោយមិនគិតពីការពិតនោះឡើយ។ ដោយសារតែពួកគេមានព្រលឹងបែបនេះ ជីវិតរបស់ពួកគេតែងតែពោរពេញដោយភាពរីករាយ និងសុភមង្គល។
២. មិនប្រៀបធៀបខ្លួន ជាមួយនឹងអ្នកដទៃ
មានប្រស្នាមួយពោលថា «ជ្រូកបាននិយាយថា ៖ បើខ្ញុំមានជីវិតមួយចង់ធ្វើគោ បើទោះជាការងារលំបាកបន្តិច ប៉ុន្តែកេរ្តិ៍ឈ្មោះល្អ ជាទីពេញចិត្តរបស់មនុស្ស។ ចំណែកឯគោ ក៏បានពោលថា ៖ បើឱ្យខ្ញុំរស់មួយជីវិតទៀត សុំធ្វើជាជ្រូក ស៊ីល្មមហើយ គេងឱ្យគ្រប់គ្រាន់ ហើយស៊ីទៀត ដោយមិនអស់កម្លាំង មិនបែកញើស ជីវិតមានសុភមង្គល។ ឥន្ទ្រីនិយាយថា ៖ បើខ្ញុំរស់ម្ដងទៀត ខ្ញុំនឹងក្លាយជាមាន់។ ខ្ញុំស្រេកទឹក មានទឹកផឹក ឃ្លានមានបាយហូប រស់នៅក្នុងទ្រុង ហើយមានអ្នកយាម។ ប៉ុន្តែមាន់បាននិយាយថា ៖ ប្រសិនបើខ្ញុំអាចរស់ឡើងវិញបាន ខ្ញុំចង់ក្លាយជាសត្វឥន្ទ្រី អាចហើរលើមេឃពណ៌ខៀវ មានសេរីភាព ទៅណាមកណា ស្រេចតែចិត្តខ្ញុំ»។
សេចក្តីប្រាថ្នារបស់សត្វក្នុងរឿងនិទាន ក៏ជាអ្វីដែលយើងតែងតែធ្វើដែរ ពេលខ្លះ យើងតែងតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ មានមនុស្សតិចណាស់ដែលរំពឹងថានឹងធ្វើជាខ្លួនឯង ផ្ទុយទៅវិញពួកគេបន្តច្រណែននឹងជីវិតមនុស្សជុំវិញខ្លួន តែងតែសរសើរការងារអ្នកដទៃ សរសើរកូនដ៏ពូកែរបស់អ្នកដទៃ សរសើរឡានថ្មីរបស់អ្នកដទៃ...។
មនុស្សគ្រប់រូបមានជីវិតផ្ទាល់ខ្លួន។ អ្នកផ្សេងទៀតអាចសរសើរអ្នកថាជាមនុស្សមានទេពកោសល្យ កោតសរសើរជីវិតដ៏រីករាយរបស់អ្នក ឬកូនដែលចេះស្តាប់បង្គាប់របស់អ្នក អ្នកគ្រាន់តែមិនដឹង។ ផ្ទុយទៅវិញ អ្នកក៏មិនបានដឹងដែរថា មនុស្សដែលអ្នកកោតសរសើរ អាចស្ថិតក្រោមសម្ពាធខ្លាំង ហូបមិនឆ្ងាញ់ គេងមិនលក់ ឬមានទុក្ខសោកដែលមិនអាចបង្ហាញបាន។ ដូច្នេះហើយ ការរស់នៅក្នុងជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង គឺជាវិធីមួយដើម្បីសម្រាកចិត្តរបស់អ្នក និងកាត់បន្ថយការថប់បារម្ភ។
៣. មិនខ្លាចជំងឺ
ស្ថានភាពដ៏ល្អបំផុតក្នុងជីវិត គឺក្នុងចិត្តដែលគ្មានការព្រួយបារម្ភ ក្នុងខ្លួនដែលគ្មានជំងឺ។ នេះគឺជាស្ថានភាពរបស់អ្នកប្រាជ្ញ។ មនុស្សរស់នៅតាមច្បាប់កើត ចាស់ ឈឺ ស្លាប់ គឺពិបាកចៀសផុតពីជំងឺទាំងអស់។ គ្មាននរណាម្នាក់ហ៊ានធានាថានឹងមិនឈឺ ហើយក៏មិនអាចធ្វើឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេ រួចផុតពីជំងឺរាតត្បាតបានដែរ។
ជីវិតពិតជាផុយស្រួចណាស់ ប៉ុន្តែការព្រួយបារម្ភ ការភ័យខ្លាចឈឺ គឺគ្រាន់តែជាការតបតដែលគ្មានប្រយោជន៍តែប៉ុណ្ណោះ។ មនុស្សដែលតែងតែខ្លាចឈឺ រមែងមានជំងឺជាប់នឹងខ្លួន ជំងឺនោះ ក៏កើតព្រោះតែភាពភ័យខ្លាចហួសហេតុនេះហើយ។
នៅពេលដែលរាងកាយមានសុខភាពល្អ កុំគិតច្រើនពេក។ នៅពេលដែលរាងកាយឈឺ ក៏មិនគួរត្អូញត្អែរ បាក់ទឹកចិត្ត អស់សង្ឃឹមដែរ ប៉ុន្តែត្រូវកែប្រែអារម្មណ៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ថែរក្សាខ្លួនឯងឱ្យបានល្អ និងរក្សាគំនិតសុទិដ្ឋិនិយម អាកប្បកិរិយាវិជ្ជមាន។ នោះគឺជាវិធីល្អ និងសមស្របបំផុត។
៤. បំភ្លេចទុក្ខព្រួយកាលពីម្សិលមិញ និងកង្វល់ថ្ងៃស្អែក
តើមនុស្សប្រភេទណាដែលរស់នៅវេទនាបំផុត? នោះហើយដែលជាបុគ្គលដែលត្រូវអាក់អន់ចិត្តពីអតីតកាល និងខ្វល់ខ្វាយអំពីអនាគត។ មនុស្សដែលរស់នៅក្នុងអតីតកាលតែងតែជាប់នឹងអតីតកាល ចិត្តរបស់ពួកគេជាប់នៅក្នុងអតីតកាល ជីវិតតែងតែងងឹតដោយគ្មានពន្លឺ។ បុគ្គលរស់ក្នុងអនាគតកាល តែងមានទុក្ខដោយមិនមានហេតុ ព្រោះទុក្ខក្នុងអនាគតនោះ ចិត្តរមែងមិនស្ងប់រម្ងាប់។
មានរឿងមួយដំណាលថា «ព្រះសង្ឃដ៏ចំណាស់មួយអង្គ បានសួរទៅកាន់សិស្សថា “បើយើងដើរទៅមុខមួយជំហាន យើងនឹងស្លាប់ ហើយបើយើងថយក្រោយមួយជំហាន យើងនឹងស្លាប់ តើយើងគួរធ្វើដូចម្តេច?”
សិស្សតូចនោះឆ្លើយដោយមិនស្ទាក់ស្ទើរថា ៖ «ខ្ញុំនឹងដើរចេញ!»។
ជីវិតមនុស្សគួរតែបែបនេះ។ ពេលយើងមានអារម្មណ៍ថាគ្មានផ្លូវទៅណាទេ កុំខ្លាចក្នុងការផ្លាស់ប្តូរការគិតបន្តិច ប្តូរទស្សនៈបន្តិច។ នៅពេលនោះ យើងនឹងដឹងថា ផ្លូវមិនមែនត្រឹមតែមុន ឬក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្លូវចម្ហៀងផ្សេងទៀតដែរ។
៥. បុគ្គលមានប្រាជ្ញាមិនដេញតាមផ្គាប់ចិត្តអ្នកដទៃឡើយ
មនុស្សនីមួយៗមានលក្ខណៈ និងបុគ្គលិកលក្ខណៈរៀងៗខ្លួន។ លក្ខណៈពិសេសរបស់មនុស្សនឹងទាក់ទាញមនុស្សដែលមានគំនិតដូចគ្នា។ ដូច្នេះហើយ មិនចាំបាច់ធ្វើតាមអ្នកដទៃ ដើម្បីរស់នៅខុសពីគេនោះទេ។ បុគ្គលដែលតែងតែដើរតាមអ្នកដទៃដើម្បីកិត្តិនាម ផលចំណេញ និងសេចក្តីស្រឡាញ់ ហើយផ្គាប់ចិត្តអ្នកដទៃ នឹងធ្វើឱ្យខ្លួនឯងកាន់តែអស់កម្លាំងបន្តិចម្តងៗ។
មិនថាអាយុប៉ុន្មានទេ អ្នកគួរតែរៀនឱ្យតម្លៃខ្លួនឯង។ មិនថាអ្នករស់នៅបែបណាទេ ចូរទទួលយក និងអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នក។ មិនថាអ្នកមានសុខភាពល្អឬអត់នោះទេ អ្នកត្រូវតែរក្សាអាកប្បកិរិយាវិជ្ជមាន ហើយមិនបោះបង់ឡើយ។ ជីវិតបែបនេះជាផ្លូវបញ្ញានៃជីវិត៕
ប្រភព ៖ Emdep / Knongsrok