ក្លឹបតោខៀវ Chelsea នឹងត្រូវប្រជែងតតាំង Man Utd នៅយប់ថ្ងៃអាទិត្យនេះ ហើយយើងក៏ត្រលប់មករំឭកនូវសម្រង់សម្តីចាស់មួយ របស់ខ្សែការពារ Thiago Silva ដែលធ្លាប់និយាយអំពីការតាមបិទ Cristiano Ronaldo និង Lionel Messi។
ជាការពិត មានភាគរយខ្ពស់ដែលរាត្រីថ្ងៃអាទិត្យ នៅទឹកដី Stamford Bridge នឹងកើតមានការប្រជែងរវាង Silva និង Ronaldo ជាលើកដំបូងនៅ PL។ កន្លងមកកីឡាករប្រេស៊ីលក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍លេងទល់តារាឆ្នើមទាំងពីរខាងលើផងដែរ។
Silva ធ្លាប់និយាយថា៖ "ចំណុចខុសគ្នាមួយ គឺត្រង់ថា Messi ពេលយើងតាមបិទគាត់មួយស្មើ ឬ ២ នាក់បិទមួយ គឺនៅតែពិបាកនឹងបញ្ឈប់គាត់បាន តែជាមួយ Ronaldo មិនមែនខ្ញុំថា បិទគាត់វាងាយនោះទេ គ្រាន់ថាបើយើងប្រើប្រាស់កីឡាករម្នាក់តាមបិទគាត់ ម្នាក់ទៀតគ្រប់គ្រងសភាពការណ៍ក្បែរនោះ នោះអ្នកនឹងទទួលបានអារម្មណ៍ថាសុវត្ថិភាពនៅតំបន់ការពារ"។
លោកបន្ត៖ "និយាយទៅ Messi និង Ronaldo គឺជាកីឡាករដែលអាចបង្កើតរឿងអស្ចារ្យ ដូចជា Neymar អីអ៊ីចឹងដែរ តែខ្ញុំជឿ ខ្ញុំជឿជាក់ថា វាជារឿងពិបាកជាងក្នុងការតាមបិទ Messi បើធៀបនឹងការលេងទល់ Ronaldo"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក