សេដ្ឋីម្នាក់ បានសួរទៅកូនប្រុសរបស់គាត់មួយសំណួរ ៖ តើកូនចង់ក្លាយជាអ្នកមាន ឬអ្នកក្រ ពេលកូនធំឡើង?
ពេលនោះ កូនរបស់គាត់ឆ្លើយថា ៖ កូនច្បាស់ជាចង់ក្លាយជាអ្នកមានដូចប៉ាៗដែរហើយ។
ក្រោយមកឪពុកក៏ឱ្យលុយទៅកូន ហើយនិយាយថា ឥឡូវឯងមានលុយហើយ តើឯងមានគម្រោងចាយវាយយ៉ាងម៉េច?
ភ្លាមនោះ នៅពេលដែលបានលុយហើយ កូនក៏បានឆ្លើយថា ៖ កូននឹងយកលុយដែលកូនមាន ទៅធ្វើគ្រប់បែបយ៉ាងដែលកូនចង់ធ្វើ។
ឪពុកក៏បាននិយាយថា ៖ បើបែបនេះ កូនឯងច្បាស់ជាក្លាយទៅជាអ្នកក្រមិនខាន ព្រោះអ្នកក្រ ចាយលុយដែលខ្លួនមាន ទៅធ្វើរឿងដែលខ្លួនគ្រាន់តែចង់ធ្វើ មិនបានគិតឱ្យបានល្អិតល្អន់ និងផលដែលទទួលបានមកវិញនោះឡើយ។
ឥឡូវកូនស្ដាប់ប៉ា ប៉ានឹងប្រាប់កូនអំពីវិធីក្លាយជាអ្នកមាន ៖
១. កូនត្រូវចំណាយលុយ ១០% នៃលុយដែលកូនមាន ទៅជួយអ្នកក្រ ដែលខ្វះខាត ព្រោះការធ្វើអំពើល្អចំពោះអ្នកដែលកំពុងតែត្រូវការ វានឹងផ្ដល់ផលល្អដល់កូនវិញនៅថ្ងៃណាមួយ អំពើល្អ គ្មានថ្ងៃសាបសូន្យឡើយ។
២. កូនត្រូវសន្សំ ២០% នៃប្រាក់ចំណូលរបស់កូន វាមិនសំខាន់ថាកូនរកបានប៉ុន្មានក្នុងមួយថ្ងៃ ឬមួយខែនោះឡើយ ទោះបីជាវាត្រឹមតែ ១$ ក៏ដោយ ក៏កូនត្រូវតែបង្កើតទម្លាប់នៃការសន្សំវាទុក ដូច្នេះពេលវេលាកាន់តែយូរ កូននឹងមានប្រាក់បម្រុងនៅពេលដែលកូនត្រូវការចាំបាច់នៅពេលណាមួយ។
៣. ការវិនិយោគ ឪពុកម្តាយជាច្រើនឱ្យលុយកូនៗចាយ ប៉ុន្តែពួកគាត់មិនបានបង្រៀនគាត់ពីរបៀបគ្រប់គ្រងលុយនោះទេ។ ដូច្នេះ កូនត្រូវចេះស្វែងរកឱកាសក្នុងការវិនិយោគលុយរបស់កូន ព្រោះវានឹងទទួលបានមកវិញទ្វេដង។ ប្រើលុយដើម្បីរកលុយ ការយកលុយទៅវិនិយោគលើអ្វីមួយ វានឹងទទួលបានផល ឬប្រាក់ចំណេញមកវិញ។
៤. ការចំណាយនៅពេលដែលកូនមានផែនការល្អនៃលុយរបស់កូន កូនអាចរីករាយនឹងប្រាក់ដែលនៅសល់។ កូនមានប្រាក់សន្សំ ២០% របស់កូនជារៀងរាល់ខែ។ កូនទទួលបានប្រាក់ពីការវិនិយោគរបស់កូនបន្ថែមទៀត។ កូនអាចជួយអ្នកដទៃបាន។ កូនក៏អាចរីករាយនឹងខ្លួនកូនដែរ។ ហើយបើកូនជឿលើព្រះនាំសំណាងមកឱ្យកូន កូនក៏អាចចំណាយប្រាក់លើសកម្មភាពសាសនាផងដែរ។
កូនត្រូវចាំថា នៅពេលដែលកូនមានផែនការក្នុងការចាយវាយ និងគ្រប់គ្រងលុយបានល្អហើយនោះ វាជាពេលដែលកូនអាចក្លាយជាអ្នកមានយ៉ាងពិតប្រាកដ ដូច្នេះ កុំមិនចាំបាច់ខ្លាចក្រ ឬលំបាកនោះឡើយ៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក