ក្លឹបអ្នកមានបុណ្យ Barcelona តាំងពីជំនាន់លោក Ernesto Valverde ចាកចេញទៅ គឺមិនទាន់រកបានគ្រូថ្មីណាមួយ ដែលថាបង្ហាញសមិទ្ធផលជោគជ័យនៅឡើយ ហើយចន្លោះពេលនោះក្លឹបបានភ្លក់រសជាតិសាកល្បងសមត្ថភាពគ្រូថ្មីជាបន្តបន្ទាប់ រួចក៏បញ្ចេញខ្ទង់ចំណាយក្រាស់ក្រែលផងដែរ។
បើរាប់តាំងពីការដកលោក Valverde មុនផុតកុងត្រា មកដល់ការចាត់តាំងលោក Xavi Hernandez សម្រាប់អ្នកមានបុណ្យ គឺបានចាយវាយសរុប ៣៣ លានអឺរ៉ូហើយ លើគ្រូ ៤ រូបចុងក្រោយនេះ។ នេះរាប់ទាំងកញ្ចប់ចំណាយលើការផ្តាច់កុងត្រាដកតំណែងគ្រូ និងការចុះហត្ថលេខាផ្តល់កិច្ចព្រមព្រៀងថ្មី ដោយមិនទាន់រាប់បញ្ចូលថ្លៃឈ្នួលនៅឡើយ។
កាល Ernesto Valverde ចាកចេញ អ្នកមានបុណ្យចាយអស់ ១១ លានអឺរ៉ូសម្រាប់ការដកតំណែង ហើយដល់តែលោក Quique Setien គឺក្លឹបនៅជាប់ជំពាក់លុយ ៤ លានអឺរ៉ូ ដែលមិនទាន់ទូទាត់រួចរាល់។
មកដល់លោក Ronald Koeman ដែលជាគ្រូចុងក្រោយ ក្លឹបបានដកតំណែង គឺចាយអស់ ១៣ លានអឺរ៉ូឲ្យទៅគ្រូសញ្ជាតិហូឡង់ តែមិនច្បាស់ ថាទំហំទឹកប្រាក់នោះបានទូទាត់ឲ្យ Koeman ហើយឬនៅទេ។ នេះសរុបគឺអស់ ២៨ លានអឺរ៉ូហើយ។
ដល់តែមកចាត់តាំង Xavi Hernandez ជាគ្រូដែលជាប់កុងត្រា នៅក្លឹបក្នុងប្រទេសកាតា ក៏ Barcelona ត្រូវចាយលុយ ៥ លានអឺរ៉ូផ្សេងទៀតដែរ ដើម្បីរៀបចំកិច្ចព្រមព្រៀងកុងត្រាពេញលេញ។ ដូច្នេះសរុបទាំងការប្រកាសគ្រូថ្មី គឺចាយអស់ ៣៣ លានអឺរ៉ូឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក