Diogo Jota រាប់បានជាកីឡាករសំណាងមួយក្នុងអាជីព ព្រោះគេបានរួមជើងជាមួយកំពូលកីឡាករទាំង ២ រូប ដូចជា Cristiano Ronaldo សម្រាប់ការលេងនៅជម្រើសជាតិព័រទុយហ្គាល់ និងជាមួយ Mohamed Salah សម្រាប់ការលេងឲ្យក្លឹប Liverpool ដូចពេលបច្ចុប្បន្ននេះ។
យ៉ាងណានៅពេលចុងក្រោយ Salah កំពុងត្រូវបានគេប្រៀបធៀបទៅនឹង Ronaldo ដែលជាកីឡាកររួមលីគ PL តែមួយ។ ស្ថិតិរបស់កីឡាករអេហ្សីបគឺពិតជាល្អខ្លាំង ដោយត្រឹម ១៤ ប្រកួត អាចរកបានដល់ ១៧ គ្រាប់ ហើយឥឡូវត្រូវបាន Jota លើកពីចំណុចលេចធ្លោមួយដែលមានដូចជា Ronaldo។
ប្រាប់ Sky Sports News ខ្សែប្រយុទ្ធរបស់ហង្ស Jota និយាយ៖ "Salah ជាកីឡាករដ៏ល្អ លំដាប់ World class គាត់ពេលនេះកំពុងបង្ហាញពីការលេងដ៏ល្អទៅកាន់ពិភពលោក ហើយកំពុងរីករាយជាមួយការរកគ្រាប់បាល់"។
លោកបន្តថា៖ "Salah គាត់ដូចជា Ronaldo ត្រង់ថា ពេលគាត់ស្ថិតក្នុងក្រុមរបស់យើង គឺគាត់តែងតែបង្កើតអារម្មណ៍ដាក់សម្ពាធទៅលើកីឡាករគូប្រជែង ឲ្យតាមបិទគាត់ជាច្រើននាក់ ដូច្នេះហើយអាចបន្សល់ចន្លោះមួយចំនួនសម្រាប់កីឡាករដទៃក្នុងក្រុមរបស់យើង អារម្មណ៍បែបហ្នឹងខ្ញុំក៏ទទួលបានដែរ ពេលលេងជាមួយ Ronaldo នៅជម្រើសជាតិ ដូច្នេះហើយខ្ញុំសុំដាក់ឈ្មោះ Salah នៅកម្រិតស្តង់ដារបែបហ្នឹងដែរ ជារួមអ្នកទាំងពីរពេលចូលទីលាន គឺធ្វើឲ្យគេខ្លាចរអា ព្រោះពួកគាត់អាចរកបានគ្រាប់បាល់គ្រប់ពេលវេលាទាំងអស់"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក