អតីតជើងចាស់ក្រុមហង្សលោក Michael Owen បានបង្ហាញការយល់ឃើញ ពីក្រុមដែលមានភាគរយខ្ពស់ នឹងអាចឈ្នះពានអឺរ៉ុប UEFA Champions League ដោយក្នុងនោះក៏មានក្រុម Liverpool ផងដែរ។
ក្រុមរបស់លោក Jurgen Klopp ទើបតែបានយកឈ្នះទៅលើ Atletico Madrid ២-០ ហើយជាក្រុមដំបូងនៅអង់គ្លេស ដែលមានកៅអីឡើងទៅកាន់វគ្គបន្ទាប់នៅរដូវកាលថ្មីនេះ។ យ៉ាងណាតាមការលើកឡើងរបស់ Owen ប្រាប់ប៉ុស្តិ៍ BT Sport ថា មាន Liverpool, Man City និង Chelsea តែហង្សសង្ឃឹមខ្ពស់ជាងគេ។
លោក Owen និយាយ៖ "ខ្ញុំគិតថាបាល់ទាត់អង់គ្លេស និងក្រុមនៅអង់គ្លេស គឺកំពុងមានភាពរឹងមាំជាងក្រុមដទៃដាច់ឆ្ងាយ ហើយ Lionel Messi ដែលបានចាកចេញពីលីគកំពូលអេស្ប៉ាញ ក៏នាំឲ្យលីគនោះកាន់តែចុះខ្សោយ"។
លោកបន្ត៖ "បើអ្នកមើលទៅ Anfield ការលេងនៅទីនោះគឺគ្រោះថ្នាក់ណាស់ គឺពិបាកនឹងងាយមានក្រុមណាផ្តួលបាន តែបើសម្រាប់ Liverpool គឺខ្ញុំគិតថា ក្រុម ២ ផ្សេងទៀតដែលគ្រោះថ្នាក់បំផុតសម្រាប់ពួកគេគឺ Man City និង Chelsea អ៊ីចឹងគឺក្រុមទាំងបីនេះហើយដែលសង្ឃឹមខ្ពស់"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក