ក្លឹបបិសាចក្រហម Man Utd នឹងត្រូវបើកកីឡដ្ឋានតតាំងក្លឹបភ្ញៀវ Man City នៅជំនួប Manchester Derby នាជំនួបថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ តែឥឡូវខាងបិសាចបែរជាត្រូវខូចជើងកីឡាករសំខាន់នៅតំបន់ការពារក្រោម។
នោះគឺខ្សែការពារកណ្តាល Raphael Varane ដែលគេជួបរបួសលើទីលាន ទល់ក្លឹប Atalanta នៅ UCL កាលពីយប់មិញ។ ស្ថានភាពរបួសរបស់កីឡាករបារាំង ទំនងជាទាមទារពេលសម្រាកប៉ុន្មានសប្តាហ៍ដែរ ពោលប្រកួតទល់ City ពេលខាងមុខ ដែលសល់ចន្លោះពេលតែ ៣ ថ្ងៃ គឺទំនងជានឹងមិនអាចចូលលេងទាន់ឡើយ។
តាមការបញ្ជាក់ពី លោក Ole Gunnar Solskjaer ជាអ្នកចាត់ការ និយាយប្រាប់ BT Sport យ៉ាងដូច្នោះថា៖ "Varane គេទទួលរងរបួសផ្នែកសរសៃពួរ ដូច្នេះយើងមិនអាចប្រថុយដាក់គេឲ្យលេងបានទៀតឡើយ យើងបានបាត់បង់គេលើទីលាន តែនេះគឺជាបាល់ទាត់ គឺតែងតែមានរឿងបែបហ្នឹងឯងកើតឡើង"។
គួរបញ្ជាក់ថា អតីតខ្សែការពារក្លឹប Real Madrid នៅរដូវកាលថ្មីជាមួយ United គេបង្ហាញខ្លួន ៩ ប្រកួត រកបាន ១ គ្រាប់។ នៅពេលចុងក្រោយលោក Ole រមែងប្រើប្រាស់គេ លេងតំណែងការពារកណ្តាលនៅខាងក្រោយជាមួយ Harry Maguire និង Eric Bailly តែទៅពេលបន្ទាប់ទៀត មិនច្បាស់ថានឹងរៀបបែបណាឡើយ ប្រសិនជាគេត្រូវអវត្តមានមែននោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក