អតីតជើងចាស់នៅក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញការយល់ឃើញថា ទម្រង់លេងរបស់ក្លឹបតោខៀវ Chelsea នៅរយៈពេលចុងក្រោយ នៅតែអាចទាក់ចិត្តលោកឲ្យបន្តជឿជាក់ថាពួកគេអាចនឹងលើកពានលីគកំពូលអង់គ្លេស Premier League រដូវកាលនេះបាន។
ទៅមើលចំណាត់ថ្នាក់នៅតារាង PL សម្រាប់ក្លឹប Chelsea កំពុងនាំមុខគេ មាន ២៥ ពិន្ទុ យកឈ្នះទៅលើ Liverpool មាន ២២ ពិន្ទុ និង Man City/West Ham មាន ២០ ពិន្ទុ។ នេះបើគិតត្រឹមការប្រកួតជុំទី ១០។
ទៅមើលការលើកឡើងរបស់ Wright បាននិយាយ៖ "តាំងពីដើមរដូវកាល ខ្ញុំនិយាយថា Chelsea ហើយឥឡូវខ្ញុំនៅតែជឿជាក់លើ Chelsea ដដែល ដ្បិតបើពួកគេជួបបញ្ហារបួសលើកីឡាករសំខាន់ដូចជា Lukaku និង Werner ក៏ដោយ"។
លោកបន្ត៖ "មនុស្សជាច្រើននិយាយថា Werner គេមិនអាចរកបានគ្រាប់បាល់គ្រប់គ្រាន់ឲ្យ Chelsea នោះទេ តែការពិតទៅ អ្វីដែល Werner ផ្តល់មកឲ្យ Chelsea គឺច្រើនណាស់ហើយ រីឯ Lukaku គេនៅតែបន្តអាចរកបានគ្រាប់បាល់ ដូច្នេះហើយខ្ញុំគិតថា Chelsea អាចឈ្នះពាន PL បន្ទាប់មកគឺ Liverpool និង Man City ដែលប្រដេញពីក្រោយ រីឯក្រុមលេខ ៤ ខ្ញុំមិនដឹងថាខាងណាទេ តែខ្ញុំចង់ឲ្យ West Ham ឈរនៅចំណុចនោះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក