នៅប្រកួតរវាងក្លឹប Spurs និង Man Utd កាលពីចុងសប្តាហ៍ ដ្បិតបើក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer អាចយកឈ្នះដល់ ៣-០ តែយ៉ាងណាស្ថានភាពចម្រូងចម្រាសនៃកីឡាករក្នុងក្រុម ក៏នៅតែជាបញ្ហាចោទដដែល។
បើតាមការយល់ឃើញរបស់ Owen Hargreaves អតីតជើងចាស់នៅលីគ PL និយាយថា Rashford គេកំពុងមានអារម្មណ៍ខឹងសម្បា និងអាក់អន់ចិត្តហើយ ជុំវិញការដែលគ្រូមិនសូវដាក់ឲ្យជាប់ជម្រើសដំបូងជាប់លាប់ដូចមុន។
Hargreaves និយាយប្រាប់ Premier League Productions បែបនេះថា៖ "ខ្ញុំគិតថាអ្នកអាចឃើញពីស្ទាយអបអររបស់ Rashford ពេលប៉ះ Spurs បាន គឺគេបង្ហាញចេញមកដោយអារម្មណ៍ខឹងសម្បា តែវាពិបាកដែរ ព្រោះអី Legend ពីររូបនៅពីមុខអ្នក ដូច្នេះត្អូញត្អែរក៏គ្មានប្រយោជន៍ដែរ"។
លោកបន្ថែម៖ "Ole គាត់នឹងមិនដក Ronaldo ទេ ហើយត្រូវការនរណាម្នាក់បន្ថែមនៅក្បែរនោះ ដូច Cavani រដូវកាលមុនគេលេងល្អថែមទៀត អ៊ីចឹងគេសក្តិសមហើយនឹងទទួលបានឱកាសបង្ហាញខ្លួន គ្រាន់ថា ការដែលបន្តដាក់ Rashford និង Greenwood នៅបម្រុង ពិតណាស់ពួកគេនឹងទទួលរងការឈឺចាប់ តែពេលខ្លះវាក៏ជាតុល្យភាពដ៏ត្រឹមត្រូវសម្រាប់ក្រុម"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក