Lionel Messi កន្លងទៅនេះបានបង្ហាញការយល់ឃើញជាច្រើនពាក់ព័ន្ធនឹងស្ថានភាពក្លឹបថ្មីក៏ដូចជាក្លឹបចាស់ Barcelona ហើយលោកក៏ឆ្លៀតពន្យល់ពីការមិនពេញចិត្តនូវសម្រង់សម្តីរបស់ប្រធានក្លឹបលោក Joan Laporta ផងដែរ។
បុរសវ័យ ៣៤ ឆ្នាំបានផ្ទេរចេញពី Camp Nou មកកាន់ក្លឹប Paris Saint-Germain ក្រោយផុតសុពលភាពកុងត្រា ហើយឃើញក្លឹប Barcelona មិនអាចបន្តកុងត្រាថ្មីឲ្យគេ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ យ៉ាងណា Laporta ធ្លាប់និយាយថា លោកមានក្តីសង្ឃឹមថា Messi អាចនឹងលែងឲ្យក្លឹបដោយមិនយកថ្លៃពលកម្ម តែវាមិនអាចកើតឡើងទៅបាន។
មកមើល Messi បាននិយាយថា ទោះវាមិនអាចកើតឡើងទៅបានដោយសារច្បាប់របស់ La Liga ក៏ប្រធានក្លឹបមិនគួរលើកពាក្យហ្នឹងឡើងដែរ ព្រោះខ្លួនផ្ទាល់មិនធ្លាប់ទទួលបានសំណើ ចង់ឲ្យឈរជើងឥតតម្លៃខ្លួនណាមួយឡើយពីសំណាក់ភាគីក្លឹប Barcelona ដូច្នេះការដែលនិយាយបែបហ្នឹង វាអាចធ្វើឲ្យអ្នកគាំទ្រគិតខុសមកលើខ្លួន។
Messi ប្រាប់សារព័ត៌មាន Sport៖ "ខ្ញុំធ្វើគ្រប់យ៉ាង ឲ្យតែខ្ញុំអាចបន្តនៅទីនោះបាន តែមិនមាននរណាសួរនាំខ្ញុំរឿងចង់ឲ្យខ្ញុំលេង Free ទេ ពួកគេត្រឹមស្នើឲ្យខ្ញុំកាត់បន្ថយថ្លៃពលកម្ម ៥០ ភាគរយ ហើយខ្ញុំក៏ព្រមតាមដែរ ដោយមិនប្រកែកអ្វីទាំងអស់ ព្រោះខ្ញុំចង់ចូលរួមជួយក្លឹប"។
លោកបន្ត៖ "ក្តីប្រាថ្នារបស់ខ្ញុំនិងក្រុមគ្រួសារគឺចង់បន្តនៅ Barcelona ហើយគ្មាននរណាមកសួរនាំ ចង់ឲ្យខ្ញុំលេង Free ទេ អ៊ីចឹងការនិយាយរបស់ប្រធានក្លឹបវាជារឿងមិនត្រឹមត្រូវ វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយខ្ញុំគិតថា គាត់មិនចាំបាច់អ្វីត្រូវទៅនិយាយបែបហ្នឹងទេ ព្រោះវាធ្វើឲ្យមនុស្សនៅខាងក្រៅមានការមិនអស់ចិត្ត និងគិតខុសមកលើខ្ញុំ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក