លោក Karl-Heinz Rummenigge អតីតប្រធានក្លឹប Bayern Munich បានបង្ហាញការយល់ឃើញថា Robert Lewandowski នឹងមិនអាចសហការគ្នាជាមួយយុវជនឆ្នើមរួមលីគ Bundesliga បានឡើយ ដ្បិតបើមានចចាមអារ៉ាមលេចលឺថាអាចនឹងមានការផ្ទេរកន្លងមកក៏ដោយ។
នោះគឺ Erling Haaland ជាកីឡាកររបស់ក្លឹប Borussia Dortmund ដែលកន្លងមកធ្លាប់លឺថា Bayern អាចនឹងចរចាទិញយកគេមកចូលរួម ដើម្បីសហការជាមួយខ្ញីចាស់ Lewandowski។ តែយ៉ាងណាតាមការជឿជាក់របស់ លោក Rummenigge បាននិយាយថា៖ "Haaland និង Lewandowski លេងជាមួយគ្នា? ខ្ញុំគិតថាវាមិនអាចទៅរួចទេ វាជាការស្រមៃដ៏ឆ្កួតឡប់មួយ"។
លោកសង្កត់ធ្ងន់ថា ប្រព័ន្ធលេងដែលដាក់អ្នកទាំងពីររួមគ្នា គឺមិនសមនឹងរបៀបលេងរបស់ក្លឹប Bayern ឡើយ ហើយក៏មិនអាចរៀបប្រព័ន្ធថ្មី ដើម្បីតែតម្រូវកីឡាករម្នាក់នោះដែរ។ យ៉ាងណាលោកមានតែចង់ឲ្យក្លឹប គិតគូរអំពីការបន្តកុងត្រាថ្មី ដល់ Lewandowski ជាធំវិញ ជាជាងការសម្លឹងយកអ្នកថ្មីមកបន្ថែម។
គួរបញ្ជាក់ថា Lewandowski ត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២៣ ឯណោះ។ នៅប៉ុន្មានឆ្នាំចុងក្រោយគេឡើងជើងខ្លាំង ហើយជាក់ស្តែងរដូវកាលនេះ បង្ហាញខ្លួន ១៥ ប្រកួត រកបាន ១៩ គ្រាប់និង Assist ១ លើក។ ធៀបនឹង Haaland ១០ ប្រកួត រកបាន ១៣ គ្រាប់និង Assist ៤ លើក គឺមើលទៅមិនចាញ់គ្នាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក