Zlatan Ibrahimovic ដែលមានអាយុ ៤០ ឆ្នាំទៅហើយនោះ បានបង្ហាញការយល់ឃើញដល់កីឡាករវ័យក្មេង Kylian Mbappe ទើបតែមានអាយុ ២២ ឆ្នាំ អំពីចំណុចមួយដែលគេត្រូវធ្វើ មុនអាចឈានដល់កម្រិតកំពូល។
ជាការពិតដ្បិតបើ Mbappe បានក្លាយជាម្ចាស់ World Cup តាំងពីឆ្នាំ ២០១៨ ហើយឈ្នះពានលីគកំពូលបារាំង ៤ លើកហើយក៏ដោយ តែ Zlatan ថា គេគួរតែជំរុញខ្លួនឯងបន្ថែមទៀតទៅក្នុងការលេងនៅរសជាតិថ្មី ដែលទទួលរងការប្រកួតប្រជែងខ្លាំងជាងនេះ។
នៅបទសម្ភាសន៍ប្រាប់សារព័ត៌មាន Telefoot កីឡាករសញ្ជាតិស៊ុយអែតនិយាយ៖ "ខ្ញុំស្រលាញ់ Mbappe តែគេមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ គេអាចរឹងមាំជាងនេះ ប្រសិនគេភ្លក់រសជាតិនៃការប្រកួតប្រជែងថ្មីដែលឈឺចាប់ជាងពេលបច្ចុប្បន្ន ព្រោះអីនេះគេនៅ PSG គេស្រួលពេកហើយ គេមិនទាន់ស្ថិតនៅជុំវិញកីឡាករដែលនិយាយប្រាប់មកគេ ថាអ្នកឯងមិនទាន់ល្អគ្រប់គ្រាន់ មិនទាន់អាចក្លាយជាកីឡាករកំពូលនោះទេ"។
លោកបន្តទៀតថា៖ "បើស្ថិតនៅ Top 10 គឺមានឈ្មោះរបស់គេ សម្រាប់នាមកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ននេះ តែត្រូវដឹងក៏មានយុវជនផ្សេងឯទៀត ដែលគេអាចលេងនៅក្រិតដ៏ខ្ពស់រយៈពេលយូរតួយ៉ាងដូចជា Erling Haaland"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក