ដ្បិតបើ Georginio Wijnaldum ទើបតែផ្ទេរមកចូលរួមថ្មីថ្មោងកាលពីរដូវក្តៅ តែសម្រាប់ក្លឹបបារាំង Paris Saint-Germain ហាក់មិនរីករាយជាមួយកីឡាករហូឡង់ទាល់តែសោះ ដោយក្លឹបកំពុងគិតចង់អនុញ្ញាតឲ្យគេចាកចេញហើយ ប្រសិនសាមីខ្លួនគិតដល់ផ្លូវបែកដែរនោះ។
បញ្ជាក់បន្តិចថា PSG យក Wijnaldum ពីហង្សក្នុងលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួនទេ ប៉ុន្តែទូទាត់ថ្លៃពលកម្មឲ្យដល់ជាង ១១ លានផោន/ឆ្នាំឯណោះ។ បើតាមការចុះផ្សាយពីសារព័ត៌មាន II Corriere dello Sport បានរាយការណ៍ថា ក្លឹបសេដ្ឋីបារាំង បានសម្លឹងឃើញកីឡាករនៅលីគកំពូលអ៊ីតាលី ដោយចង់យកមកជំនួសកន្លែងកីឡាករហូឡង់។
នោះគឺ Marcelo Brozovic របស់ក្លឹប Inter Milan ដែលបច្ចុប្បន្នគេកំពុងស្ថិតក្រោមការចរចាកុងត្រាថ្មី តែមិនទាន់សម្រេចនៅឡើយ ល្មមជាឱកាសអាចឲ្យក្លឹបដទៃចូលចរចាបាន។ សុពលភាពកុងត្រារបស់កីឡាករក្រូអាតត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ដែលមានន័យថា ក្លឹបទាំងអស់អាចចរចាយកគេបានជាលក្ខណៈ Pre-Contract ត្រឹមខែមករាខាងមុខ។
ដោយឡែកយើងទៅមើលWijnaldum ឯណោះវិញ គេជាប់កុងត្រានៅ PSG ដល់ចុងខែមិថុនា ឆ្នាំ ២០២៤។ ប្រសិនក្លឹបណាចង់បាន ខ្សែបម្រើវ័យ ៣០ ឆ្នាំ នោះគឺត្រូវចាយយ៉ាងហោច ៣០ លានអឺរ៉ូ។ ជាមួយ PSG រដូវកាលនេះ គេទទួលបានឱកាសបង្ហាញខ្លួនច្រើនគួរសម ដោយ ១៥ ប្រកួត ច្រើនជាង ៦០០ នាទី តែមិនទាន់រកបានគ្រាប់បាល់ ឬ Assist ណាមួយនៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក