ទើបតែមកដល់ក្លឹប Paris Saint-Germain បានរយៈពេលជាង ២ ខែ តារាឆ្នើម Lionel Messi ក៏បានបង្ហើបពីកូនចិត្តចង់វិលត្រលប់ទៅកាន់ក្លឹបចាស់ Barcelona វិញ នៅថ្ងៃណាមួយ តែមិនមែនក្នុងនាមជាកីឡាករនោះឡើយ។
កីឡាករអាហ្សង់ទីនបានបង្ហើបពីគោលដៅចង់ក្លាយជាបុគ្គលិកបម្រើការ នៅតំណែងជាលេខាធិការបច្ចេកទេសប្រចាំក្លឹប ពោលចង់ចូលរួមចំណែកធ្វើឲ្យបានល្អបំផុត ជាការជួយក្លឹបដែលខ្លួនស្រលាញ់តាំងពីដើមមក។
ប្រាប់សារព័ត៌មាន Sport ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំនិយាយថា៖ "ពិតមែនហើយ ខ្ញុំតែងតែមានចិត្តចង់ត្រលប់ទៅជួយក្លឹប មិនថាស្ថិតក្នុងរបៀបណាក៏ដោយ ហើយខ្ញុំចង់ក្លាយជាប្រយោជន៍មួយ ជួយឲ្យក្លឹបធ្វើបានល្អ ពោលគឺជាលេខាធិការបច្ចេកទេស តែក៏មិនច្បាស់ថាអាចកើតឡើងនៅ Barcelona ឬអត់ដែរ"។
លោកសង្កត់ធ្ងន់៖ "យ៉ាងណាខ្ញុំពិតជាចង់ត្រលប់ទៅក្លឹប ដើម្បីលះបង់ជួយនូវអ្វីដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំស្រលាញ់ Barcelona ហើយចង់ឲ្យពួកគេបន្តមានការអភិវឌ្ឍ និងបន្តក្លាយជាក្លឹបដ៏ល្អបំផុតមួយក្នុងលោក"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក