ក្លឹបស្តេចស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលមិនដាក់ភ្នែកទៅលើតារាឆ្នើមនៅក្របខ័ណ្ឌ Premier League ២ រូប រួមមានខ្សែបម្រើនៅក្លឹប Man Utd និងខ្សែការពារនៅក្លឹប Chelsea។
ក្លឹបយក្សអេស្ប៉ាញ ចាប់អារម្មណ៍ចង់បាន Paul Pogba ដែលរយៈពេលចុងក្រោយគេក៏មិនសូវទទួលបានការចាប់អារម្មណ៍ពេញទំហឹងពីអ្នកចាត់ការលោក Ole Gunnar Solskjaer ហើយសុពលភាពកុងត្រាត្រូវផុតនៅបញ្ចប់រដូវកាលនេះហើយ។
រីឯគោលដៅមួយផ្សេងទៀតគឺខ្សែការពារ Antonio Rudiger ឬជាប់រហស្សនាម ក្របីព្រៃនៅ PL ដែលគេកំពុងលេងឲ្យក្លឹបតោខៀវ Chelsea ហើយក៏មិនទាន់លឺដំណឹងថា ចង់បន្តកុងត្រាថ្មីជាមួយក្លឹបអង់គ្លេសនោះដែរ។ ក្លឹប R.Madrid មានការជឿជាក់ថា នឹងអាចបញ្ចុះបញ្ចូលកីឡាករទាំងពីរឲ្យសម្រេចការផ្ទេរមកលីគកំពូលអេស្ប៉ាញ នៅរដូវក្តៅឆ្នាំក្រោយបាន។
ប្រសិនជាបានដូចការគ្រោងទុក ក្លឹបដឹកនាំដោយប្រធានលោក Florentino Perez នឹងមិនចាយសូម្បីតែមួយសេន្ត លើការផ្ទេរពួកគេចូល ពោលនៅចរចាតែថ្លៃពលកម្មប៉ុណ្ណោះ។ Rudiger នឹងអាចចាប់ដៃគូសហការគ្នាយ៉ាងល្អជាមួយ David Alaba នៅខាងក្រោម ខណៈ Pogba អាចត្រៀមខ្លួនជំនួស Luka Modric ឬ Toni Kroos ដែលមានវ័យចំណាស់ទៅហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក