បន្ទាប់ពី Assist ១ និងរកបាន ១ គ្រាប់ឲ្យក្លឹប Man Utd នៅជំនួបយកឈ្នះ ៣-០ ទៅលើម្ចាស់ដី Spurs កាលពីយប់មិញ សម្រាប់តារាឆ្នើម Cristiano Ronaldo ដែលលេងបានជាង ៧០ នាទីក៏ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួត ឬ Man Of The Match។
តែយ៉ាងណាសម្រាប់អ្នកចាត់ការលោក Ole Gunnar Solskjaer គឺយល់ឃើញផ្សេងហើយនិយាយថា ខ្សែបម្រើ Scott McTominay ឯណេះទេ ដែលសក្តិសមជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតនៅឯកីឡដ្ឋានក្នុងទីក្រុងឡុង។ តែនេះក៏មិនមានន័យថា បន្តុះបង្អាប់កូនក្រុមឯទៀតដូចជា Ronaldo អ្វីនោះដែរ។
អ្នកចាត់ការសញ្ជាតិន័រវេស បាននិយាយថា៖ "កីឡាករឈ្នះ Man Of The Match សម្រាប់ខ្ញុំ គឺ Scott [McTominay] ដោយយើងធ្លាប់ឃើញគេធ្វើបានល្អបែបហ្នឹងច្រើនសារហើយពីមុនមក ដោយរដូវកាលនេះគេឆ្លងកាត់ការវះកាត់គេជួបរបួស តែថ្ងៃនេះ Scott នៅតែអាចបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ"។
លោក Ole បន្ត៖ "គេឈ្នះការដណ្តើមបាល់ពីគូប្រជែង គេរក្សាបាល់បានល្អ គេផ្លាស់ប្តូរចង្វាក់លេង ការប្រើប្រាស់ក្បាលក៏ល្អ និយាយរួមគឺស្ថិតនៅចំណុចកំពូលសម្រាប់ការលេងយប់នេះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក