ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃសៅរ៍នេះ នឹងត្រូវបើកកីឡដ្ឋានស្វាគមន៍ក្លឹបបិសាចក្រហម Man Utd ដែលជាជំនួបជុំទី ១០ នៅក្របខ័ណ្ឌ Premier League។
គេកំពុងរង់ចាំមើលថា តើតារាឆ្នើម Cristiano Ronaldo នឹងអាចរកបានគ្រាប់បាល់ឬអត់ ព្រោះអីលោកខកខានការស៊ុតក្នុងលីគ ៤ ប្រកួតហើយរាប់តាំងពីប្រកួតប៉ះ Aston Villa, Everton, Leicester City និង Liverpool។
តាមពិតទៅត្រឹមតែប្រកួត Liverpool ដែលមិនអាចរកបានគ្រាប់បាល់ គឺ CR7 បានធ្លាក់ទៅក្នុងកំណត់ត្រាអាក្រក់មួយបាត់ទៅហើយ នោះគឺការដែលមិនអាចរកបានគ្រាប់បាល់ក្នុងលីគ ៤ ប្រកួតជាប់គ្នា ខកខានកើតមានតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ កាលឈរជើងឲ្យក្លឹប Real Madrid។
ដោយឡែកនៅរាត្រីនេះ បើខកខានការស៊ុតទល់ Spurs នោះវានឹងក្លាយជាប្រកួតទី ៥ នាំឲ្យលោកវិលទៅរកស្ថិតិចាស់ដ៏អាក្រក់មួយផ្សេងទៀត គឺដូចកាលនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០០៨ ដល់មករា ឆ្នាំ ២០០៩ គឺមិនអាចស៊ុតចូលទីសូម្បីមួយគ្រាប់នៅ ៥ ប្រកួតក្នុងលីគជាប់ៗគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក