Kalidou Koulibaly បានស្ថិតក្នុងចចាមអារ៉ាមជាបន្តបន្ទាប់ ជាពិសេសកាលពីប៉ុន្មានឆ្នាំមុនលឺថាគេកៀកនឹងផ្ទេរមកក្លឹប Man Utd ថែមទៀតផង។ យ៉ាងណាគេនៅបន្តឈរជើងជាមួយក្លឹបអាណាព្យាបាល Napoli មកទល់បច្ចុប្បន្ន បន្ទាប់ពីក្លឹបដាក់តម្លៃខ្លួនខ្ពស់ជ្រុលមិនថាតែកាលពីរដូវក្តៅ។
យ៉ាងណាតាមការឲ្យដឹងកាលពីថ្មីៗនេះ Koulibaly គេបានប្រាប់អ្នកសារព័ត៌មានលោក Valter de Maggio ច្បាស់ៗថា៖ "ប្រសិនខ្ញុំត្រូវចាកចេញពីក្លឹប Napoli គឺខ្ញុំមានតែជ្រើសទៅក្លឹបធំក្នុងលោក ៣ ប៉ុណ្ណោះ គឺក្លឹប Man City, Real Madrid ឬ Barcelona"។
លោកបន្ត៖ "រឿងខ្ញុំទៅចូលរួមនៅ Juventus? តើអ្នកឆ្កួតទេអី? ខ្ញុំមិនដែលគិតថានឹងលេងឲ្យក្លឹបដទៃណាទៀតទេនៅអ៊ីតាលី ជាពិសេសគឺនឹងមិនទៅចូលរួមជាមួយក្លឹបគូប្រជែង Juventus ឡើយ និយាយទៅខ្ញុំមិនអាចក្បត់ចិត្តអ្នកគាំទ្រ Napoli កើតទេ"។
ដ្បិតបើគេចាប់អារម្មណ៍ជម្រើសផ្ទេរទៅ Barcelona ក៏ជឿថាពេលខាងមុខ គឺវាមិនអាចកើតឡើងទៅបានទេ ព្រោះហិរញ្ញវត្ថុរបស់អ្នកមានបុណ្យជាបញ្ហាប្រឈមសព្វថ្ងៃ។ កុងត្រារបស់កីឡាករសេណេហ្គាល់នៅសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ហើយតម្លៃខ្លួនរបស់គេអាចថ្លៃចន្លោះពី ៥០ ទៅ ៦០ លានអឺរ៉ូឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក