Xavi Hernandez ជាបេក្ខភាពឈរលើភាគរយខ្ពស់បំផុត ដែលនឹងអាចមកដឹកនាំ Barcelona នៅពេលខាងមុខ បន្ទាប់ពីក្លឹបបានប្រកាសដកតំណែងអ្នកចាត់ការលោក Ronald Koeman ចេញកាលពីពេលថ្មីៗនេះ។
យ៉ាងណាបើតាមការចុះផ្សាយពីអ្នកសារព័ត៌មានអេស្ប៉ាញ Gerard Moreno បានឲ្យដឹងថា Xavi ក៏បានសម្រេចចិត្តរួចរាល់ អំពីការចង់បានកីឡាករថ្មីមកកាន់ក្លឹប Barcelona ប្រសិនលោកត្រូវឡើងកាន់តំណែងជាផ្លូវការនៅពេលដ៏ខ្លីខាងមុខ។
នោះគឺខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Man City កីឡាករ Raheem Sterling ដោយ Xavi ជឿថា គេនឹងអាចមកសហការគ្នាយ៉ាងល្អជាមួយ Sergio Aguero នៅតំបន់ប្រយុទ្ធខាងលើបាន។ ជាការពិត Sterling មិនសូវទទួលបានពេលវេលាលេងជាប់លាប់នោះទេ ក្រោមការដឹកនាំរបស់ Pep Guardiola ដូច្នេះភាគរយនៃការចាកចេញ គឺអាចកើតមានច្រើនសម្រាប់គេ។
ទៅមើលមួយរូបផ្សេងទៀតគឺខ្សែការពារក្រោម Jules Kounde ដែលក្លឹបតោខៀវ Chelsea តាមទិញយកកាលពីរដូវក្តៅ។ Kounde ជាកូនក្រុមរបស់ Sevilla រួមលីគនឹង Barcelona ដូច្នេះការចរចាអាចថាជាងាយជាង ប្រសិនកីឡាករយល់ឃើញថាចង់ឆាប់សម្របខ្លួនជាមួយការលេងឲ្យក្លឹបថ្មី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក