ក្រុមជម្រើសជាតិកម្ពុជាបានកក់កៅអីឡើងទៅវគ្គជម្រុះបានរង្វាន់ AFC Asian Cup ជុំទី៣ហើយបន្ទាប់ពីយកឈ្នះក្រុមហ្គាំក្នុងលទ្ធផលទាំងពីរជើង៣ទល់១ក្នុងវគ្គជម្រុះ Play-off ដែលធ្វើឡើងក្នុងទឹកដីកណ្ដាលនៃប្រទេសបារ៉ែន។
លទ្ធផលនេះអ្នកគាំទ្រកម្ពុជាមានការត្រេកអរយ៉ាងខ្លាំង ហើយវាក៏ជាការស្ដារមុខមាត់ឱ្យជម្រើសជាតិដែលទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការប្រកួតជម្រុះ World Cup តែយ៉ាងណា! អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda មិនពេញចិត្តលទ្ធផលនេះទេ ពីព្រោះកម្ពុជាឈ្នះក្រុមខ្សោយ។ សម្ដីរបស់ត្រូវបានទំព័រហ្វេសបុករបស់សហព័ន្ធកីឡាកម្ពុជាដកស្រង់ដែលមានអត្ថន័យទាំងស្រុងថា៖
«ថ្ងៃនេះយើងឈ្នះយើងអាចអបអរជ័យជម្នះនេះ ប៉ុន្តែសូមកុំមានអារម្មណ៍ថាយើងគ្រប់គ្រាន់ ឬពេញចិត្តជាមួយលទ្ធផលឈ្នះហ្គាំនេះ ព្រោះយើងមិនទាន់ឈ្នះប្រទេសខ្លាំងៗក្នុងតំបន់នៅឡើយទេ»។
«យើងទាំងអស់គ្នាគួរមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លយនឱ្យប្រសើរឡើងជាងនេះ ទើបយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង អ្នកទាំងអស់គ្នាអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និងរៀបចំខ្លួនបន្ទាប់ទៀត»។
«ខ្ញុំក៏សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករយើង ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពសម្រាប់ការប្រកួតនេះទោះបីជាយើងមានបញ្ហាប្រឈមជាច្រើន តែយើងអាចជម្នះវាបាន»។
សូមបញ្ជាក់ផងដែរថា៖ ក្រុមជម្រើសជាតិកម្ពុជាឈុតធំនឹងត្រឡប់មកមាតុភូមិវិញនៅថ្ងៃនេះ ខណៈដែលក្រុមឈុតវ័យក្រោម២៣ឆ្នាំនឹងត្រូវហោះហើរទៅប្រទេសជប៉ុនដើម្បីធ្វើការបោះជុំរំហ្វឹកហាត់ និងត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Asian Cup បន្តទៀតដែលកម្ពុជាស្ថិតក្នុងពូល J ជាមួយម្ចាស់ផ្ទះ U23ជប៉ុន និងU23ហុងកុង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក