អ្នកចាត់ការលោក Diego Simeone បានទម្លាយកាលពីពេលកន្លងទៅថា លោកធ្លាប់សួរនាំ Luis Suarez ឲ្យទាក់ទងទៅអតីតកីឡាករក្លឹប Barcelona ដើម្បីសិក្សាអំពីលទ្ធភាពថាអាចផ្ទេរមករួបរួមគ្នានៅក្លឹប Atletico Madrid ឬអត់។
នោះគឺ Leo Messi គ្រាដែលគេបានផ្ទេរចេញពី Barcelona ក្រោយផុតកុងត្រា ហើយក្លឹប Atletico នេះសោតក៏ចាប់អារម្មណ៍ឱកាសសារនោះដែរ ក្រោយយកបាន Suarez ម្នាក់ហើយស្រាប់។ តែយ៉ាងណាខាង PSG ចូលចរចាកាត់មុខយ៉ាងលឿន និងសម្រេចកិច្ចព្រមព្រៀងគ្រប់យ៉ាងត្រឹមរយៈពេលខ្លី។
ប្រាប់សារព័ត៌មានកាលពីពេលកន្លងទៅលោក Simeone និយាយ៖ "ខ្ញុំមិនបានខលទៅ Leo ដោយផ្ទាល់ទេ តែខ្ញុំទាក់ទងតាម Suarez ឲ្យគេទៅសួរនាំពីស្ថានភាពរបស់ Messi ដោយចង់ដឹងថា អាចមានឱកាសនាំយកគេមក Atletico ឬអត់"។
លោកសង្កត់ធ្ងន់៖ "តែយ៉ាងណាក្រោយនោះ ៣ ម៉ោង វាលឿនណាស់ដែល PSG អាចចរចាយក Messi ដូច្នេះក៏នាំឲ្យឱកាសរបស់យើងក្នុងការរួបរួមជាមួយ Messi ត្រូវបាត់បង់ ហើយមុនផ្ទេរទៅ PSG ក៏គេស្មោះតែ Barca ខណៈខ្ញុំដូចគ្នាក៏នៅតែ Atletico ហើយយើងក៏មិនបានធ្វើការរួមគ្នាអ្វីនៅជម្រើសជាតិអាហ្សង់ទីនដែរ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក