Cristiano Ronaldo បានបន្តរកគ្រាប់បាល់ឲ្យជម្រើសជាតិព័រទុយហ្គាល់ឥតឈប់ឈរ នៅរយៈពេលចុងក្រោយ ដ្បិតអីលោកទើបតែបំបែកបានកំណត់ត្រាការរកគ្រាប់បាល់ច្រើនបំផុតឲ្យជម្រើសជាតិយកឈ្នះ Ali Daei។
Ruiz ធ្លាប់លេងឲ្យក្រុមជម្រើសជាតិហ្គាតេម៉ាឡា នៅចន្លោះឆ្នាំ ១៩៩៨ ដល់ ២០១៦ ដោយសម្រាប់វគ្គជម្រុះបឋម លោកអាចរកបាន ៣៩ គ្រាប់។ យ៉ាងណាមកមើល Ronaldo តាំងតែពីបើកក្បាលលេងឲ្យព័រទុយហ្គាល់ មកទល់សព្វថ្ងៃ នៅវគ្គជម្រុះបឋម World Cup លោករកបាន ៣៦ គ្រាប់ហើយ។
ដូច្នេះវាត្រូវការ ៣ គ្រាប់ដើម្បីតាមស្មើ និង ៤ គ្រាប់ដើម្បីបំបែក ខណៈការប្រកួតនៅសល់ ២ ជុំទៀតប៉ុណ្ណោះ ពោលគឺត្រូវប៉ះអៀរឡង់ និងស៊ែប៊ី នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។ ដូច្នេះតើ Ronaldo អាចធ្វើបានដែរឬទេ?
យ៉ាងណាប្រសិនខកខាននៅឆ្នាំនេះ លោកក៏នៅមានឱកាសសម្រាប់ការប្រកួតសារក្រោយដែរ តែត្រូវរង់ចាំច្រើនឆ្នាំ ព្រោះ World Cup លេងរៀងរាល់ ៤ ឆ្នាំម្តង ហើយវគ្គជម្រុះបឋមក៏នឹងចូលមកដល់សារជាថ្មីនៅកំឡុងលោកអាយុស្រករជិត ៤០ ឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក