ក្រោយចប់ព្រឹត្តិការណ៍ UEFA Nations League ដែលក្រុមជម្រើសជាតិបែលហ្សិកឈរនៅចំណាត់ថ្នាក់ទី ៤ ក្រោយចាញ់បារាំង និងអ៊ីតាលី ស្រាប់តែអ្នកចាំទី Thibaut Courtois បានបង្ហាញការយល់ឃើញចំៗមួយទៅលើសមាគមបាល់ទាត់ FIFA និង UEFA ថាគិតតែរឿងលុយជាធំ ដោយលែងគិតពីកីឡាករអស់ហើយ។
ក៏ដោយសារតែពេលវេលាប្រកួតជាប់ៗគ្នាពេក ទាំងការលេងឲ្យក្លឹបផងជម្រើសជាតិផង ហើយកីឡាករលែងសូវមានពេលសម្រាកច្រើនដូចមុន ដូច្នេះការប្រឈមជួបបញ្ហារបួសក៏ច្រើន ហើយការចង់ឈរនៅកម្រិតដ៏ខ្ពស់មួយពេញមួយឆ្នាំក៏ជារឿងពិបាកដែរ។
អ្នកចាំទីរបស់ក្លឹប Real Madrid និយាយ៖ "គ្រប់យ៉ាងគឺគិតតែរឿងលុយជាធំ យើងគ្រប់គ្នាគួរតែនិយាយស្មោះត្រង់អំពីរឿងនេះ ដោយពួកយើងលេងប្រកួតនេះ ក៏ដោយសារដើម្បីតែ UEFA អាចបង្កើនចំណូលពួកគេបន្ថែម អាចបង្កើនការប្រកួតលើប៉ុស្តិ៍ទូរទស្សន៍ប៉ុណ្ណោះ"។
លោកបន្តទៀតថា៖ "នៅខែមិថុនា មាន ៤ ប្រកួត Nations League ៤ ប្រកួត ហេតុអ្វី? ឆ្នាំក្រោយយើងត្រូវលេង World Cup នៅខែវិច្ឆិកា ហើយយើងត្រូវវិលទៅលេងនៅខែមិថុនាម្តងទៀត ដោយនេះយើងនឹងជួបបញ្ហារបួស គ្មាននរណាខ្វល់ពីកីឡាករតទៅទៀតទេ ដោយយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់អាចឈរនៅកម្រិតខ្ពស់រយៈពេល ១២ ខែបានឡើយ ហើយឥឡូវពួកគេចង់បង្កើត World Cup រៀងរាល់ ២ ឆ្នាំម្តងទៀត អ៊ីចឹងឲ្យកីឡាករមានពេលសម្រាកបានដោយរបៀបណា តើមួយឆ្នាំសម្រាក ២ សប្តាហ៍ វាគ្រប់គ្រាន់ដែរទេ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក