ការប្រកួតប្រចាំទ្វីបនីមួយៗ កំពុងចម្រាញ់រកក្រុមខ្លាំងជាបន្តបន្ទាប់ ដោយ FIFA បានផ្តល់ចំនួនកៅអីទៅតាមការកំណត់ ហើយសម្រាប់ប៉ែកតំបន់អឺរ៉ុប យើងរកបានក្រុមដំបូងគេបង្អស់ហើយ។
នោះគឺបន្ទាប់ពីចប់ការប្រកួតជុំទី ៨ នៅពូល J សម្រាប់ការប្រកួតវគ្គជម្រុះបឋមកាលពីយប់មិញ ដែលក្រុមអាល្លឺម៉ង់បានយកឈ្នះ ៤-០ ទៅលើម៉ាសេដូនីខាងជើង។
៣ ពិន្ទុដ៏មានន័យបានរុញឲ្យអាល្លឺម៉ង់ មាន ២១ ពិន្ទុ នាំមុខក្រុមរូម៉ានី ៨ ពិន្ទុ។ នេះនៅសល់ត្រឹម ២ ជុំទៀត ដូច្នេះសម្រាប់អាល្លឺម៉ង់ ទោះលេងចាញ់ ឬស្មើ ក៏ពួកគេអាចមានកៅអីឡើងទៅប្រកួតផ្លូវការ World Cup ដោយស្វ័យប្រវត្តិដែរ។
គួរបញ្ជាក់ថា ២ ប្រកួតចុងក្រោយមុនបិទទំព័រឆ្នាំ ២០២១ ក្រុមដឹកនាំដោយលោក Hansi Flick នឹងត្រូវតតាំងក្រុមលិចធិនស្តែន និងក្រុមអាមេនី នៅកំឡុងខែវិច្ឆិកា ហើយទំព័រឆ្នាំថ្មី ២០២២ នឹងមានកាលបរិច្ឆេទផ្សេងៗទៀត ស្របពេលដែលប្រកួត World Cup នៅកាតា សល់រយៈពេល ១ ឆ្នាំពេញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក