អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ ក៏ដូចជាធ្លាប់ដឹកនាំនៅក្លឹប Barcelona លោក Louis van Gaal បានបង្ហាញការយល់ឃើញថា ក្រុមអ្នកមានបុណ្យតែងតែមានទម្លាប់មួយ គឺបន្ទោសទៅលើបុគ្គលក្រៅសញ្ជាតិអេស្ប៉ាញ នៅពេលដែលក្លឹបធ្លាក់ទម្រង់លេង ឬជួបប្រទះបញ្ហាណាមួយ។
ជាការពិតបើយើងមើលទៅស្ថានភាពសព្វថ្ងៃ ទាំងអ្នកគាំទ្រក្តី និងមតិភាគច្រើន បានដាក់សម្ពាធទៅលើអ្នកចាត់ការលោក Ronald Koeman ក៏ដូចជាកីឡាករហូឡង់មួយចំនួនធំ ថាដោយសារពួកគេចាក់ខ្សែ ទើបធ្វើឲ្យក្រុមធ្លាក់ចុះគុណភាព ហើយបែរជាមិនដាក់អ្នកខ្លាំងពិតឲ្យចូលលេង។
លោក Van Gaal មានប្រសាសន៍ថា៖ "ពេលគ្រប់យ៉ាងដំណើរការទៅរលូន អ្នកបានលះបង់ដ៏ធំធេង ហើយជាក់ស្តែងដូច Frenkie de Jong គេធ្វើប៉ុន្មានឆ្នាំមកនេះ គ្មាននរណានិយាយទេ ដល់តែពេលគ្រប់យ៉ាងជួបបញ្ហា មានឧបសគ្គ មនុស្សនៅ Barcelona តែងតែទម្លាក់មកលើជនបរទេស [បុគ្គលក្រៅសញ្ជាតិ] ហើយនេះកំពុងដាក់សម្ពាធខ្លាំងទៅលោក Ronaldo Koeman"។
គួរបញ្ជាក់ថា Koeman សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២២ ហើយក៏មានការរំពឹងទុកថា Xavi Hernandez ជាគ្រូសញ្ជាតិអេស្ប៉ាញត្រៀមនឹងចូលមកដឹកនាំនៅពេលខាងមុខ។ ស្ថានភាពរបស់ក្រុម ទាំងនៅ UCL និងនៅ La Liga គឺធ្វើមិនសូវបានល្អនោះទេ ជាក់ស្តែងក្នុងលីគឈរលេខ ៩ ហើយនៅពានអឺរ៉ុប ចាញ់ ៣-០ ផ្ទួនគ្នាពីរជុំដំបូង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក