បច្ចុប្បន្ននៅការលេងឲ្យជម្រើសជាតិ គឺកំពុងស្ថិតក្នុងដំណាក់កាលវគ្គជម្រុះបឋម FIFA World Cup ដើម្បីប្រជែងយកកៅអីទៅចូលរួមការប្រកួតផ្លូវការនាឆ្នាំក្រោយ ២០២២។ យ៉ាងណាយើងក្រឡេកមកក្រុមជម្រើសជាតិសាំបាប្រេស៊ីលឯណេះវិញ ក៏ស្រាប់តែមានកីឡាករឆ្នើមនៅតំបន់ប្រយុទ្ធ បង្ហើបពីគម្រោងអាចចូលនិវត្តទាំងវ័យក្មេង។
នោះគឺ Neymar Jr វ័យទើបតែ ២៩ ឆ្នាំ ដែលមានន័យថាគេអាចហៀរចូល ៣០ ឆ្នាំយ៉ាងច្រើន ក្រោយចប់ World Cup 2022 ហើយគេលើកឡើងថា ព្រឹត្តិការណ៍លំដាប់ពិភពលោកខាងមុខ អាចជាលើកចុងក្រោយហើយនៃការឈរជើងឲ្យក្រុមជម្រើសជាតិ។
ប្រាប់សារព័ត៌មាន DAZN ខ្សែប្រយុទ្ធក្លឹបបារាំង PSG និយាយ៖ "ខ្ញុំគិតថា ព្រឹត្តិការណ៍នៅកាតា ២០២២ អាចជា World Cup លើកចុងក្រោយហើយសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនច្បាស់ថាខ្លួនឯងអាចបន្តយកឈ្នះបញ្ហាផ្លូវចិត្តតទៅទៀតទេក្នុងពិភពបាល់ទាត់"។
លោកបន្ថែមថា៖ "ដូច្នេះហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងឲ្យមានទម្រង់លេងល្អបំផុត ដើម្បីយកជ័យជម្នះជាមួយប្រទេសខ្ញុំ និងបំពេញក្តីស្រមៃខ្លួនឯងដែលចង់ឈ្នះពានរង្វាន់ World Cup តាំងតែពីនៅក្មេង ខ្ញុំសង្ឃឹមថាអាចឈ្នះវាបាន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក