យោងតាមសារព័ត៌មានអេស្ប៉ាញ Sport ដែលជាប្រភពលំដាប់ថ្នាក់ទី ២បានឱ្យដឹងថា គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ចង់នាំយក Donny van de Beek មកកាន់ទឹកដី Camp Nou នៅដើមខែមករាខាងមុខនេះ។
Koeman ស្គាល់គ្នាជាមួយ Donny មកពីក្រុមជម្រើសជាតិហូឡង់ ហើយអ្នកទាំងពីរត្រូវបានគេជឿជាក់ថានឹងមានទំនាក់ទំនងល្អជាមួយគ្នា។ កង្វះពេលវេលាលេងរបស់ខ្សែបម្រើក្រុមបិសាចក្រហម Manchester United បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ការជជែកវែកញែកជាមួយ Van de Beek ដែលរំពឹងថានឹងស្វែងរកការធានាអំពីតួនាទីរបស់គាត់នៅក្នុងក្លឹប។
Van de Beek ជិតនឹងចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅមុននេះ ប៉ុន្តែលោក Ole Gunnar Solskjaer បានរារាំងការផ្ទេរនៅពេលនោះ។ ហើយជាអកុសល! Van de Beek នៅតែបន្តអង្គុយកៅអីបម្រុងដដែល។
គួរកត់សម្គាល់ផងដែរថា អនាគតរបស់ Koeman ជាមួយ Barca គឺមានភាពមិនច្បាស់លាស់ ចំពេលក្លិបមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។ សង្គ្រាមពាក្យសម្តីឥតឈប់ឈររបស់គាត់ជាមួយប្រធានក្លឹប Joan Laporta ក៏មិនជួយដល់ករណីណាមួយរបស់គាត់ដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក