លោក Mike Ashley ដែលជាម្ចាស់ក្លឹប Newcastle United ចាស់ កន្លងទៅនេះទើបតែលក់ឲ្យម្ចាស់ថ្មីក្នុងតម្លៃ ៣០០ លានផោន ដែលស្មើនឹងជាង ៤០០ លានដុល្លារអាមេរិក ហើយលោកក៏មិនទាន់ដកខ្លួនពីវិស័យបាល់ទាត់នេះដែរ។
បើតាមរបាយការណ៍ក្រៅស្រុកចុះផ្សាយថា អតីតម្ចាស់ក្លឹបចាស់ខាងលើ បាននឹងកំពុងសម្លឹងទៅរកការវិនិយោគលើក្លឹបថ្មីមួយទៀត តែមិនមែនស្ថិតនៅ Premier League ទេ ពោលគឺស្ថិតនៅលីគលំដាប់ទី ២ របស់អង់គ្លេស។
នោះគឺក្លឹប Derby County ដែល Ashley ចាប់អារម្មណ៍ចង់ទិញយកទៅអភិវឌ្ឍបន្ត និងសម្លឹងឃើញផលចំណេញច្រើនទៅពេលខាងមុខ។ យើងមិនច្បាស់ថា ការចរចាទិញយកនេះ អាចសម្រេចបានឬអត់ទេ តែត្រឹមដឹងថា Derby County ជាក្លឹបដែលមានម្ចាស់កាន់កាប់ ជាអ្នកជំនួញលោក Mel Morris ដែលមានទ្រព្យសម្បត្តិខ្ទង់ ៧០០ លានដុល្លារ។
គួរបញ្ជាក់ថា Derby County នៅរដូវកាល ២០២១/២២ ធ្វើមិនសូវបានជាល្អប៉ុន្មាននោះទេ ដោយ ១១ ប្រកួត ទើបឈ្នះ ៣ ស្មើ ៥ និងចាញ់ ៣ កំពុងឈរបាតតារាង អាចនឹងមានភាគរយធ្លាក់ទៅលីគ EFL League One លំដាប់ទី ៣ របស់អង់គ្លេសទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក