ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមផ្តល់ថ្លៃពលកម្មកប់ពពក ដល់កីឡាករលេងតំណែងខ្សែការពារ ដ្បិតទើបផ្ទេរមកចូលរួមនៅ Old Trafford បានរយៈពេល ២ ឆ្នាំក៏ដោយ។
នោះគឺកីឡាករជាប់រហស្សនាម បងក្បាលធំ Harry Maguire ដែលបច្ចុប្បន្នកុងត្រារបស់លោកទទួលបាន ១៨៩ ០០០ ផោន/សប្តាហ៍ លើសុពលភាពដល់រដូវក្តៅ ឆ្នាំ ២០២៥។ យ៉ាងណាដោយសារឃើញលេងបានល្អ និងដើរតួជាកីឡាករសំខាន់នៅរយៈពេលចុងក្រោយ ក៏នាំឲ្យបិសាច ចង់បន្ថែមថ្លៃពលកម្មថ្មីឲ្យ Maguire ដល់ចំនួន ៣០០ ០០០ ផោន/សប្តាហ៍។
គួរបញ្ជាក់ថា ខ្សែការពារកណ្តាលខាងលើ បានបង្ហាញខ្លួនសរុប ១១៤ ប្រកួតឲ្យ United ក្រោយផ្ទេរចេញពីក្លឹប Leicester City នៅរដូវក្តៅឆ្នាំ ២០១៩ ជាមួយតម្លៃបំបែកកំណត់ត្រា ៨០ លានផោន។
តាមមើលការចង់បន្ថែមថ្លៃពលកម្មនេះ គឺ United ធ្វើឡើងក្នុងគោលដៅចង់ថ្ពក់ចិត្តឲ្យកីឡាករអង់គ្លេស បន្តឈរជើងរយៈពេលយូរជាមួយក្លឹប ព្រោះដើម្បីឲ្យសហការគ្នាជាមួយនឹង Raphael Varane ដែលជាបេះដូងនៅជញ្ជាំងការពារ នៃជួរក្រោមរបស់ក្លឹប៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក